ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដើម្បីស្វែងយល់ពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដឹកនាំដោយ លោក Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីសក្ដានុពល ផលិតផល ចំណុចខ្លាំង និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង។ 

លោក Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជនលើកនេះ គឺមានគោលបំណងដើម្បីចង់ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យចម្បង និងមានអតិភាពជាងគេនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាមានភាពលេចធ្លោជាងគេជាងវិស័យដទៃទៀត មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតអំពីវិស័យទេសចរណ៍នៅក្នុងខេត្ត ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ និងមានចំណាប់អារម្មណ៍វិនិយោគមកខេត្តបាត់ដំបងផងដែរ។ ឯកឧត្តមបានបន្តថា នេះគឺជាកិច្ចជំនួបពិភាក្សាដំបូង ដើម្បីប្រមូលបានជាធាតុចូលសំខាន់ៗ ហើយសង្ឃឹមថានៅថ្ងៃខាងមុខដ៏ខ្លីនេះ នឹងមានកិច្ចជំនួបពិភាក្សាម្ដងទៀតរវាងអាជីវករ និងអាជីវករ ម្ចាស់សហគ្រាស អ្នកវិនិយោគពីប្រទេសកម្ពុជា និងប្រទេសវៀតណាមបន្ថែមទៀត។ 

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ៕

ដោយ : សិលា


ចែករំលែក៖