ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត២ម៉ឺននាក់ជាបន្តទៀត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០ និងកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដែលមានកម្មករនិយោជិតចូលរួមចំនួន ១៨០៣១នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១។

ថ្ងៃនេះ ជាលើកទី១៦ ដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន ១៨ ៣០៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៩ នៅ ខណ្ឌពោធិ៍សែនជ័យ។ រោងចក្រ សហគ្រាស ចំនួន ៩ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៦, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១, ដេរស្បែកជើងចំនួន ២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មាន រោងចក្រ សហគ្រាស ចំនួន ៩ ៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាស វិស័យកាត់ដេរ ចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន ៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 ព្រឹក៕

ដោយ ៖ សិលា


ចែករំលែក៖