ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំ កេងកងធំ -Great Hornbill មានឈ្មោះវិទ្យាសាស្ត្រ Buceros bicornis ជាប្រភេទកំពុងទទួលរងការគំរាមកំហែង(VU) លើពិភលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា កេងកងធំ មានទីជម្រកនៅតាមតំបន់ព្រៃស្រោង នៃភូមិភាគខាងត្បូង ភូមិភាគខាងជើង និងភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជានៅខេត្តកោះកុង មណ្ឌលគិរី និងខេត្តរតនគិរី។
វាមានមាឌធំ ក្បាលមានពណ៌ខ្មៅ លាយលឿងស្រាល និងពណ៌ស មានចំពុះធំ ផ្នែកខាងលើចំពុះមានរាងដូចស្នែង ពណ៌លឿងស្រាល កន្ទុយពណ៌ស និងមានបង្កង់ធំខ្មៅនៅផ្នែកកណ្ដាល ភ្នែកក្រហមស្រាល នៅលើស្លាប មានឆ្នូតធំពីរ គឺពណ៌ស លាយលឿងស្រាល។
ញីមានមាឌតូចជាង និងមានពណ៌ខ្មៅតិចតួចនៅលើផ្នែករាងដូចស្នែងនៃចំពុះ និងមានភ្នែកពណ៌សស្រាល។ ផ្លែឈើជាអាហារចម្បងរបស់វា ហើយនៅរដូវបន្តពូជវា ធ្វើសំបុកនៅក្នុងរន្ធនៃដើមឈើ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅថ្ងៃដដែលនេះ ក៏បានបង្ហាញពីអកពស់ព្រៃ-Crested Serpent Eagle រស់នៅវត្តថ្មរមៀល ជួរភ្នំដងរ៉ែក ខេត្តបន្ទាយមានជ័យផងដែរ៕
ដោយ៖សហការី