ខេត្តបន្ទាយមានជ័យ៖ ហ្វូងគោជាច្រើនក្បាលដើរនិងដេកពេញផ្លូវនៅកណ្តាលក្រុងប៉ោយប៉ែតប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរពេលរាត្រី។ ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរនិងសមត្តកិច្ចជួយចាត់វិធានការទៅលើម្ចាស់គោដែលបណ្ដោយឱ្យកើតមានជាច្រើនឆ្នាំមកហើយ។
ប្រភពនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នៅតាមផ្លូវក្នុងភូមិដូចជាភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ, ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតនិងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតជាដើម។ ប្រជាពលរដ្ឋបានប្រាប់ថា៖ ហ្វូងគោទាំងនោះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនចិញ្ចឹមគិតតែប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីផលប្រយោជន៍អ្នកដទៃដែលខំដាំដំណាំដើម្បីផ្គត់ផ្គង់គ្រួសារនោះទេ គឺពួកគេលែងចោលទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យដែលប្រឈមនឹងគ្រោះថ្នាក់ដល់អ្នកដំណើរទៅមកពេលយប់ និងថ្ងៃដើរលើដងផ្លូវជាច្រើនខ្សែពាសពេញក្រុងមានរយៈពេលជាច្រើនឆ្នាំមិនដែលឃើញម្ចាស់គោមកដេញចូលក្រោលសោះឡើយ។
ប្រជាពលរដ្ឋសុំអោយអាជ្ញាធរនិងសមត្តកិច្ចក្រុងឬសង្កាត់មេត្តាជួយពិនិត្យ បើហ្វូងគោលែងចោលរកម្ចាស់មិនឃើញទេគួរតែចាប់យកទៅទុកមួយកន្លែងដើម្បីអោយម្ចាស់ចេញមុខហើយមានចំណាត់ការខ្លះតាមផ្លូវច្បាប់ដល់ម្ចាស់គោដែលលែងចោលរាប់សិបឆ្នាំបែបនេះ។
កន្លងទៅថ្មីៗនេះលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល ក៏បានអំពាវនាវដល់ម្ចាស់ក្របីនិងសត្វគោផងដែរបន្ទាប់ពីមានក្របីឈ្មោលឡើងកមួយក្បាលដេញវ័ធប្រជាពលរដ្ឋរងរបួសជាច្រើននាក់ដេកពេទ្យ ហើយឱ្យម្ចាស់សត្វទាំងអស់ជួយចាប់គោ ក្របីដាក់ក្រោលឱ្យបានត្រឹមត្រូវ ជៀសវាងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋទៀត៕
ដោយ ៖ វណ្ណា