ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ មនុស្សរបស់សម្ដេចគឺមាននៅជុំវិញខ្លួនរបស់លោក សម រង្ស៊ី រួមទាំងអ្នកនៅរួមតុបាយជាមួយនឹងលោក សម រង្ស៊ី ផងដែរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានផ្ដាំដោយមិនចេញឈ្មោះប៉ុន្តែហាក់បីដូចជាទំនងសំដៅទៅលើលោក សម រង្ស៊ី ថាប្រសិនជាចង់ដកមនុស្សរបស់សម្ដេច គឺត្រូវដកមនុស្សទាំងអស់ដែលនៅជុំវិញខ្លួនរបស់ សម រង្ស៊ី។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា សម្ដេចបានទទួលនូវរបាយការណ៍និងព័ត៌មានទាំងអស់ពីផែនការរបស់ សម រង្ស៊ី ព្រមទាំងផែនការនៃការចង់ធ្វើបុណ្យផ្កាដើម្បីប្រមូលលុយពីរអ្នកគាំទ្ររបស់ខ្លួនផងដែរ។

អ្វីដែលកាន់តែច្បាស់ថែមទៀតនោះគឺទិន្នន័យនៃការប្រមូលលុយរបស់ សម រង្ស៊ី ក៏ត្រូវបានសម្ដេចតេជោដឹងផងដែរ។

សម្ដេចតេជោបានលើកឡើងថា មនុស្សរបស់សម្ដេចគឺមាននៅជុំវិញខ្លួនរបស់លោក សម រង្ស៊ី រួមទាំងអ្នកនៅរួមតុបាយជាមួយនឹងលោក សម រង្ស៊ី ផងដែរ។

ក្រៅពីនោះសម្តេចក៏រម្លឹកពីខេត្តកំពង់ស្ពឺ គឺ​សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍​ដោយ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​របស់​ខេត្តកំពង់ស្ពឺ​ដែល​ពី​ដើម​ត្រូវបាន​គេ​បង្អាប់​ថា អា​លាក់​កងជើង​ជាដើម តែ​ពេលនេះ​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​ដែល​មិន​នឹកស្មាន​ដល់​។​

​​សម្តេច​បាន​មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ​គឺ​បាន​ក្លាយជា​ខេត្ត​លំដាប់​លេខ​២​នៃ​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ជាពិសេស​វិស័យ​ឧស្សាហកម្ម​ ៕

ដោយ ៖ សិលា


ចែករំលែក៖