ភ្នំពេញ ៖ សេចក្តីអំពាវនាវ , ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ការបោះឆ្នោតនេះ កាន់តែខិតជិតមកដល់ហើយ ហេតុនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដូចតទៅ៖
សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ ត្រៀមខ្លួន និង ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា
សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលបានប្រើឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាព ដោយអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។ ការចេញ ឯ.អ មានរយៈពេល ៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២ ខែមិថុនា នឹងត្រូវបញ្ឈប់ នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ មកស្នើសុំ ឯ អ បានទាន់ពេលវេលា ដោយឥតបង់ថ្លៃ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន ៕
ដោយ ៖ សិលា