ព័ត៌មានទាន់ហេតុការណ៍៖

ករណីបាញ់ប្រហារនៅខេត្តដាក់ឡាក់ ពេលនេះមានជនជាប់សង្ស័យ៥០នាក់ត្រូវបានចាប់ខ្លួន

ចែករំលែក៖

សារព័ត៌មាន VN Express បានផ្សាយថា ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ជនសង្ស័យច្រើនជាង ៥០នាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើសាលាឃុំចំនួន២ ក្នុងខេត្ត Dak Lak ត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងមេខ្លោងជាច្រើននាក់របស់ពួកគេផងដែរ។
បើតាមមន្ត្រីម្នាក់មកពីក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា ជនសង្ស័យភាគច្រើនខាងលើគឺជាយុវជនជនជាតិដើមភាគតិចនៅក្នុងខេត្ត Dak Lak។ មន្ត្រីរូបនេះបន្តទៀតថា ជនសង្ស័យទាំងនេះក៏បានសារភាពដែរថាពួកគេត្រូវបានគេញុះញង់ និងសម្លុតគំរាមឱ្យធ្វើការវាយប្រហារ ដើម្បីជាថ្នូរនឹងការបានទៅរស់នៅឯក្រៅប្រទេស។
នៅក្នុងចំណោមជនសង្ស័យទាំង ៥០នាក់ដែលត្រូវបានចាប់ខ្លួន មានមេខ្លោងជាច្រើននាក់ ក្នុងនោះមានមេខ្លោងដ៏សំខាន់ម្នាក់ឈ្មោះ អ៉ី ថូ អៃយុន (Y Tho Ayun) បានដើរញុះញង់ឱ្យអ្នកភូមិក្នុងខេត្ត Dak Lak ធ្វើការវាយប្រហារលើសាលាឃុំ នៅក្នុងឃុំ Ea Ktur និង Ea Tieu។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍មុន មានជនប្រដាប់អាវុធមួយក្រុមបានបើកការវាយប្រហារលើសាលាឃុំ ក្នុងឃុំ Ea Ktur និង Ea Tieu ដោយសម្លាប់ប៉ូលិស៤នាក់ មន្ត្រីសាលាឃុំ ២នាក់ និងជនស៊ីវិល៣នាក់៕

ដោយ៖ ធីរីណា(រូប​ថត​៖ chinhphu.vn)


ចែករំលែក៖