ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានប្រកាសថា ទោះក្នុងកាលៈទេសៈលំបាកបំផុតរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏សម្ដេចនិងមិនរត់ចោលប្រជាពលរដ្ឋនោះទេ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានប្រកាសថា ទោះក្នុងកាលៈទេសៈលំបាកបំផុតរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏សម្ដេចនិងមិនរត់ចោលប្រជាពលរដ្ឋនោះទេ។

ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ បានលើកឡើងថា៖ «ពូមិនរត់ចោលប្រជាពលរដ្ឋទេទោះបីជាកាលៈទេសៈលំបាកបំផុតពូត្រូវស្លាប់រស់ជាមួយនឹងប្រជាជន»។

ជាមួយគ្នានេះសម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនិងមិនភ្លេចសម្ដេចក៏ដូចជាគណបក្សប្រជាជនក្នុងពលបោះឆ្នោតខាងមុខនោះទេ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ១៩១ មានកម្មករនិយោជិតជាង ១៤ម៉ឺន៥ពាន់នាក់ និងមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន រំលឹកពីប្រវត្តិតស៊ូរបស់សម្តេច ក្នុងការស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា ដោយយកក្បាល និងអាយុជីវិតទៅប្តូរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួបរវាងសម្តេច និងបងប្អូនកម្មករ-កម្មការិនី  គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការទុកចិត្តទុកដាក់ និងតបស្នងចំពោះការសម្រេចរបស់បងប្អូនកម្មករ-កម្មការិនីចំពោះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដឹកនាំប្រទេសមួយ ឬខេត្តមួយ ដំបូងបំផុតត្រូវគិតអំពីសេដ្ឋកិច្ច ឥលូវរឿងនយោបាយ រឿងច្បាំងគ្នាអីអត់មានទេ ប្រមូលផ្ដុំគ្នាធ្វើសេដ្ឋកិច្ច ជាក់ស្ដែងត្រូវដឹងថា តាមរយៈប្រាក់ចំណូលទាំងនេះ (វិស័យកាត់ដេរ) GDP ក្នុងខេត្តកំពង់ស្ពឺ ក្នុងម្នាក់ប៉ុន្មាន ព្រោះចំនួនទៅតាមតំបន់ត្រូវក្ដាប់ឲ្យជាប់»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី, រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនអាសនៈសម្រាប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខេត្ត ដែលធ្វើឲ្យចំនួនអភិបាលរងខេត្ត ក្រុង ស្រុកមានការកើនឡើង ដូច្នេះត្រូវចាត់ចែងបែងចែកការងារគ្នាធ្វើ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្រាប់ខេត្តកំពង់ស្ពឺ សម្ដេចទទួលបានសេចក្ដីរាយការណ៍ពីអភិបាលខេត្ត ពាក់ព័ន្ធអំពីចំណូលក្នុងខេត្តដែលបានមកពីវិស័យកាត់ដេរ រហូតដល់ជិត៥០០លានដុល្លារ ដោយមិនទាន់បូកបញ្ចូលពីវិស័យកសិកម្ម និងសេវាកម្មនោះឡើយ ដូច្នេះមានន័យថា វិស័យកាត់ដេរបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ច។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដណែនាំដល់កម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើយ៉ាងណារក្សាសាមគ្គីភាពរវាងថៅកែរោងចក្រ អ្នកគ្រប់គ្រងរោងចក្រ និងផ្នែកនានា ជាមួយកម្មករឲ្យបានល្អ ហើយបន្ថែមពីនេះ បន្ដយកចិត្តទុកដាក់ពង្រឹងនូវសុវត្ថិភាពសុខទុក្ខរបស់កម្មករ បូករួមទាំងកន្លែងទទួលទានអាហារ កន្លែងបំបៅដោះកូន គិលានដ្ឋានជាដើម ហើយត្រូវកែលម្អកន្លែងដែលខ្វះខាត៕

ដោយ ៖ សិលា


ចែករំលែក៖