ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានច្រានចោលគម្រោងសន្តិភាពរបស់ សហគមន៍ទ្វីបអាហ្វ្រិក កាលពីថ្ងៃទី១៦ខែមិថុនា។ ទន្ទឹមនឹងនោះអ៊ុយក្រែនក៏បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា មិនមានកិច្ចពិភាក្សាសន្តិភាពជាមួយរុស្ស៊ីឡើយ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើឱ្យក្រុមមេដឹកនាំអាហ្រិ្វកជំរុញទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ឱ្យដោះលែងអ្នកនយោបាយពីតំបន់គ្រីមៀ និងពីកន្លែងដទៃទៀត ដោយនិយាយថានេះជាការបោះជំហានមួយដ៏សំខាន់ អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមមេដឹកនាំអាហ្រ្វិកទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។
មេដឹកនាំអាហ្រ្វិកចំនួន៧រូប ក្នុងនោះរួមមានប្រធានាធិបតីមកពីប្រទេសកូម៉ូរ៉ូស សេណេហ្កាល់ អាហ្វ្រិកខាងត្បូង និងហ្សំប៊ី ព្រមទាំងនាយករដ្ឋមន្ត្រីអេហ្ស៉ីប ក៏ដូចជាបេសកជនមកពីសាធារណរដ្ឋកុងហ្គោ និងអ៊ូហ្កង់ដា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ជាផ្នែកមួយនៃបេសកកម្មស្វែងរកសន្តិភាពរវាងរុស្ស៉ី នឹងអ៊ុយក្រែន ដើម្បីជួយបិទបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមអូសបន្លាយពេលជាង១៦ខែមកនេះ។
ថ្លែងទៅកាន់ក្រុមមេដឹកនាំអាហ្វ្រិកនៅឯសន្និសីទសារព័ត៌មានរួមជាមួយ លោក ហ្សេលេនស្គី ក្រោយកិច្ចប្រជុំបិទទ្វារ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានគូសបញ្ជាក់ដូច្នេះថា «ជម្លោះនេះ (សង្រ្គាមនៅអ៊ុយក្រែន) ក៏បានជះឥទ្ធិពលអវិជ្ជមានដល់អាហ្រ្វិកផងដែរ។ ខ្ញុំជឿជាក់ថា ប្រជាជនអ៊ុយក្រែនមានអារម្មណ៍ថាពួកគេត្រូវតែប្រយុទ្ធ និងមិនត្រូវចុះចាញ់ ហើយផ្លូវទៅរកសន្តិភាពគឺមានភាពលំបាកណាស់… ប៉ុន្តែវាក៏មានភាពចាំបាច់ផងដែរ ដើម្បីបិទបញ្ចប់ជម្លោះនេះឱ្យបានឆាប់ ប្រសើរជាងទុកឱ្យវាបន្តអូសបន្លាយ»។
ចំណែក លោក ហ្សេលេនស្គី មិនបានកត់សម្គាល់អ្វីជាពិសេសនោះទេ ដោយគ្រាន់តែលោកបានស្នើឱ្យក្រុមមេដឹកនាំអាហ្រ្វិកជួយជំរុញឱ្យលោក ពូទីន ដោះលែងអ្នកទោសនយោបាយពីតំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកកាលពីឆ្នាំ២០១៤។ «តើអ្នកទាំងអស់គ្នា នឹងស្នើឱ្យរុស្ស៉ីដោះលែងអ្នកទោស នយោបាយដែរឬទេ? ប្រហែលនេះនឹងក្លាយជាលទ្ធផលដ៏មានសារៈសំខាន់នៃបេសកកម្មរបស់អ្នក និងផែនការសន្តិភាពរបស់អ្នក»។
នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។
ក្រុមមេដឹកនាំអាហ្រ្វិក នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ីនៅថ្ងៃសៅរ៍នេះ ដើម្បីជួបជាមួយលោក ពូទីន នៅឯទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg)៕
ដោយ៖ ធីរីណា(រូបថត៖ AP)