ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសថៃ។
ជំនួបផ្លាស់ប្តូរយោបល់ដោយផ្ទាល់ខាងលើ នឹងរួមចំណែកដល់ការរិះរកមធ្យោបាយនានា ដើម្បីតាមដាននូវអនុសាសន៍ដែលបានលើកឡើងដោយថ្នាក់ដឹកនាំមួយចំនួន ក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ២០២៣ និងជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ ចំណុច (5PC) ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ ចំណុច របស់ថ្នាក់ ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច៕
ដោយ ៖ សុខ ខេមរា