ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា ៖ រដូវនេះជារដូវវស្សាហើយសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋធ្វើរបរកសិកម្មបង្កបង្កើនផលស្រែចម្ការនិងដាំដំណាំហូបផ្លែផ្សេងៗសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដល់ក្រុមគ្រួសារបន្ថែមទៀត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានថ្លែងថា រដូវនេះជារដូវវស្សាហើយសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋធ្វើរបរកសិកម្មបង្កបង្កើនផលស្រែចម្ការរនិងដាំដំណាំហូបផ្លែផ្សេងៗសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដល់ក្រុមគ្រួសារបន្ថែមទៀត។

    ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៣ក្នុងពិធី សម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តត្រពាំងបន្ទាយចាស់ស្ថិតក្នុងភូមិត្រពាំងបន្ទាយ ឃុំត្រស់ ស្រុករមាសហែក។

    លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអោយដឹងថា ក្រោម ការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ហាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ធ្វើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ។

    ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកតាយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។

    លោក សៅ សុខា ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច រួមមាន៖

ទី១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ 

ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ ។

ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទី៦-មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

    បន្ទាប់មក លោកសៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ និងស្នើដល់ប្រជាពលរដ្ឋត្រូវពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចឱ្យទាន់ពេលវេលា ពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ផងដែរ៕

ដោយ ៖ សុថាន


ចែករំលែក៖