ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកចូលដល់ប្រទេសចិនហើយ បំពេញទស្សនកិច្ចជាផ្លូវការ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃអាទិត្យនេះបានទៅដល់ទីក្រុងប៉េកាំងហើយ ដែលវាគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រមុខការទូតសហរដ្ឋអាមេរិកនៅប្រទេសចិន គិតក្នុងរយៈពេល៥ឆ្នាំមកនេះ។
អំឡុងពេលស្ថិតនៅទីក្រុងប៉េកាំងរហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) ត្រូវគេរំពឹងថា នឹងជួបគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងមន្រ្តីការទូតកំពូលចិនលោក វ៉ាង យី (Wang Yi) ហើយលោកក៏អាចជួបប្រធានាធិបតីចិន លោក ស៉ី ជិនពីង តែម្តងផងដែរ ក្រោមគោលដៅព្យាយាមជំរុញឱ្យមានការបង្កើតខ្សែបណ្តាញទំនាក់ទំនងដែលបើកចំហនិងរឹងមាំដើម្បីធានាថា ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរនឹងមិនរាលដាលក្លាយទៅជាជម្លោះឡើយ។
ជាមួយគ្នានេះ មានក្តីរំពឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោក ប៊្លីនខិន នឹងជួយត្រួសត្រាយផ្លូវសម្រាប់ជំនួបទ្វេភាគី ដែលអាចកើតឡើងបន្តបន្ទាប់ទៀត រួមមានដំណើរទស្សនកិច្ចដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី ចាណេត យេលែន (Janet Yellen) និងរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រ៉ាយម៉ុនដូ (Gina Raimondo) ជាដើម។ មិនតែប៉ុណ្ណោះ វាក៏អាចជួយឱ្យមានជំនួបរវាងលោក ស៉ី ហើយនិងប្រធានាធីបតីអាមេរិក លោក ចូ បៃដិន នៅអំឡុងកិច្ចប្រជុំកំពូលអន្តរជាតិផ្សេងៗ ក្នុងឆ្នាំនេះផងដែរ។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ លោក បៃដិន បាននិយាយថា រូបលោកសង្ឃឹមអាចជួបលោក ស៉ី ក្នុងពេលប៉ុន្មានខែខាងមុខ។
អំឡុងជំនួបទល់មុខគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុន នៅប្រទេសឥណ្ឌូនេស៉ី លោក បៃដិន និងលោក ស៉ី បានព្រមព្រៀងគ្នាចាត់វិធានការ ដើម្បីបន្ធូរបន្ថយក្តីព្រួយបារម្ភអំពីការផ្ទុះឡើងនៃសង្រ្គាមត្រជាក់ថ្មី ក្នុងនោះរួមមានទាំងការបញ្ជូនលោក ប៊្លីនខិន ឱ្យមកបំពេញទស្សនកិច្ចនៅចិនផងដែរ។ តាមពិតទៅលោក ប៊្លីនខិន ត្រូវមកធ្វើទស្សនកិច្ចនៅប្រទេសចិនតាំងតែពីខែកុម្ភៈឆ្នាំនេះមកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេល ក្រោយឧប្បត្តិហេតុបាល់ឡុងរបស់ចិន ដែលទីក្រុងវ៉ាស៉ីនតោនចោទថាជាបាល់ឡុងចារកម្ម បង្ហាញវត្តមានក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយភាពតានតឹងក៏បានកើនឡើងខ្លាំងសាជាថ្មីវិញ។

លោក ប៊្លីនខិន គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅចិន គិតចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០២១៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖