ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល  ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា មានចំនួន ៣ ៧៥៣ មកពីរោងចក្រ សហគ្រាស ចំនួន ៣១៣ មកពីខេត្តកណ្តាល ចំនួន ១៣០, ខេត្តកំពង់ស្ពឺចំនួន ១១០, ខេត្តតាកែវចំនួន ៤៦, ខេត្តកំពង់ឆ្នាំងចំនួន ១៤ និងខេត្តកំពង់ចាមចំនួន ១៣ ក្នុងនោះ កាត់ដេរសម្លៀកបំពាក់ចំនួន ១៨៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥៩, ដេរស្បែកជើង ចំនួន៤៦, បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១១, ផលិតគ្រឿងអេឡិចត្រូនិច ចំនួន ៨, ផលិតអំបោះ ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រផ្សេងៗ ចំនួន ៣។

ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។ 

លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក ចំនួន ១លើក កាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ចំនួន ៣ ៧១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៣៨៤ នៅក្នុងរាជធានីភ្នំពេញ។ ថ្ងៃនេះ ជាលើកទី២ ដែល លោកបណ្ឌិត បានមកជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក ជាថ្មីម្តងទៀត។  

លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះបងប្អូនប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាស នានា និងថ្លែងការកោតសរសើរចំពោះបងប្អូនទាំងអស់ ដែលបានបំពេញតួនាទីក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ ព្រមទាំងបានរួមចំណែកក្នុងការធានានិរន្តរភាពផលិតកម្ម អាជីវកម្មរបស់រោងចក្រ និងសុខុដុមរមនារវាងកម្មករនិយោជិតនិងនិយោជកក្នុងរយៈពេលកន្លងមក។ 

គួរបញ្ជាក់ជូនថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាម៉េរិក។ នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញ មានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២)៕

ដោយ ៖ សហការី


ចែករំលែក៖