ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវបានរថយន្តស៊េរីទំនើបម៉ាកFordបុកបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford ឆ្នាំ២០២៣បានបុកបងប្អូន២នាក់ជិះម៉ូតូឆ្លងផ្លូវបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិឃុំបន្ទាយនាង ស្រុកមង្គលបុរី ។

   សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចិត្ត ភេទប្រុសអាយុ៣០ឆ្នាំ(ត្រូវជាបងប្រុស)ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ រុណ ភេទប្រុសអាយុ១៨ឆ្នាំ(ត្រូវជាប្អូនប្រុសពៅ)ដែលរស់នៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

   សមត្ថកិច្ចប្រាប់ឱ្យដឹងទៀតថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះ២នាក់បងប្អូនបានជិះម៉ូតូម៉ាកហុងដាឌ្រីមឆ្លងផ្លូវបំបែកពីខាងកើតមកខាងលិច ហើយមានរថយន្តទំនើបមួយគ្រឿងម៉ាកFord ស៊េរីឆ្នាំ២០២៣ពាក់ផ្លាកលេខភ្នំពេញ2BU-5682បានបើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងគន្លងផ្លូវខាងស្តាំបានបុកជនរងគ្រោះម្នាក់ជាបងប្រុសស្លាប់នៅនឹងកន្លែង ចំណែកប្អូនប្រុសរបួសធ្ងន់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

ក្រោយកើតហេតុខាងលើគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបុរីបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយប្រគល់សពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានរថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីដោះស្រាយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖