កាលពីថ្ងៃទី ១៩ ខែមិថុនា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា ខ្លួនបានអនុម័តសមាជិកសភាទាំងអស់ ៥០០ នាក់ដែលត្រូវបានបោះឆ្នោតជ្រើសរើសនៅក្នុងមណ្ឌល និង ១០០នាក់ជាសមាជិកសភាដែលត្រូវបានជ្រើសរើសតាមបញ្ជីគណបក្ស ខណៈដែលរក្សាសិទ្ធិក្នុងការគ្រប់គ្រង ការស៊ើបអង្កេត ការក្លែងបន្លំការបោះឆ្នោត។
យោងតាមអគ្គលេខាធិការ EC លោក Sawaeng Boonmee ទោះបីជា EC ទទួលស្គាល់សមាជិកសភាទើបជាប់ឆ្នោតថ្មីក៏ដោយ ក៏ខ្លួនរក្សាសិទ្ធិក្នុងការស៊ើបអង្កេតរាល់ការចោទប្រកាន់អំពីការក្លែងបន្លំការបោះឆ្នោតក្នុងរយៈពេលមួយឆ្នាំ។
ក្នុងអំឡុងពេលនេះ EC អាចសុំឱ្យតុលាការកំពូលលុបចោលសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យអ្នកណាម្នាក់ដែលខ្លួនជឿថាបានបំភាន់ការបោះឆ្នោតទូទៅនៅថ្ងៃទី ១៤ ខែឧសភា។
មុននេះគេរាយការណ៍ថា មានការចោទប្រកាន់អ្នកតំណាងរាស្ត្រជាប់ឆ្នោត៧១រូបក្នុងមណ្ឌល៣៧ក្នុងប្រទេសថៃ។
ជុំវិញការចោទប្រកាន់មកលើលោក Pita Limjaroenrat មេដឹកនាំនិងជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សរីកចំរើន ដែលបានឈ្នះការបោះឆ្នោត តើលោកនឹងត្រូវបានរារាំងមិនអោយចូលរួមក្នុងការបោះឆ្នោតក្រោមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញសម្រាប់ការកាន់កាប់ភាគហ៊ុននៅក្នុង iTV Plc ដែរឬទេ? .
លោក Sawaeng បាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតរបស់ EC មិនទាន់បញ្ចប់ការស៊ើបអង្កេតលើករណីរបស់លោក Pita នោះទេ។ ទោះយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញថៃហាមមិនឱ្យម្ចាស់ភាគហ៊ុននៃស្ថាប័នសារព័ត៌មានណាមួយចូលរួមប្រកួតប្រជែងការបោះឆ្នោតទូទៅនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ Bangkok Post