យោងតាមឆ្មាំឆ្នេរសមុទ្រអាមេរិក កម្ទេចកម្ទីដែលបានរកឃើញនៅបាតសមុទ្របង្ហាញថា នាវាមុជទឹក Titan ដែលបានបាត់ខ្លួននៅជិតបំណែកនៃកប៉ាល់ទីតានិកគឺបានផ្ទុះ បណ្តាលឱ្យមនុស្សទាំង៥នាក់ស្លាប់។
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា នាវាមុជទឹកឯកជនមួយដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមកនេះ បានផ្ទុះនៅក្បែរបំណែកនៃខ្មោចកប៉ាល់ Titanic ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនាវាមុជទឹកនេះទាំង៥នាក់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមនាវីត្រី John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិកបានបញ្ជាក់ថាយានរ៉ូបូតមុជទឹកដែលត្រូវបានដាក់ពង្រាយដោយនាវាមួយគ្រឿងរបស់កាណាដាបានរកឃើញបំណែកកប៉ាល់នាវាមុជទឹក Titan កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) នៅក្បែរបំណែកខ្មោចកប៉ាល់ Titanic ក្នុងមហាសមុទ្រអាត្លង់ទិក ដែលនេះជាការបិទបញ្ចប់ការតាមស្វែងរកនាវាមុជទឹកអស់រយៈពេលជាង៥ថ្ងៃមកនេះ។ ប៉ុន្តែ លោក John Mauger មិនបានបញ្ជាក់ថា សាកសពមនុស្សទាំង៥នាក់ មានសភាពបែបណានោះទេ ហើយក៏បានលម្អិតពីមូលហេតុដែលធ្វើឱ្យនាវាមុជទឹកនេះផ្ទុះនោះដែរ។
ជនរងគ្រោះទាំង៥នាក់ក្នុងនោះរួមមានលោក ស្ដុកតុន រ៉ាស (Stockton Rush) ជាអ្នកបើកនាវាមុជទឹកនិងជាស្ថាបនិក រួមទាំងជានាយកប្រតិបត្តិក្រុមហ៊ុន OceanGate Expeditions ខណៈ៤នាក់ផ្សេងទៀត រួមមានមហាសេដ្ឋីអង់គ្លេស លោក ហាមីស ហារឌីង (Hamish Harding) អ្នកជំនួញប៉ាគីស្ថាន លោក សាស់ហ្សាដា ដាវូត (Shahzada Dawood) និងកូនប្រុសរបស់លោក ហើយអ្នកទាំង២ក៏ជាពលរដ្ឋអង់គ្លេសផងដែរ ព្រមទាំងអ្នកថតរូបនៅក្រោមមហាសមុទ្រដ៏ល្បីរបស់បារាំង លោក ប៉ូល ហិនរី ណាហ្សេអូឡេ (Paul-Henri Nargeolet) ដែលបានចុះទៅមើលខ្មោចកប៉ាល់ Titanic រាប់សិបដង។
នាវាមុជទឹក Titan ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោយដាច់ទំនាក់ទំនងជាមួយនាវាគាំទ្រនៅលើផ្ទៃទឹក នៅឯតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកាណាដា ខណៈកំពុងនាំភ្ញៀវទេសចរ ៤នាក់ទៅទស្សនាបំណែកខ្មោចកប៉ាល់Titanic។ បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិក នាវាមុជទឹកនេះមានផ្ទុកអ្នកបើកបរម្នាក់ និងអ្នកដំណើរ៤នាក់ មានសមត្ថភាពអាចមុជទឹកដោយមានអុកហ្ស៉ីសែនបាន ៩៦ម៉ោង។
កប៉ាល់យក្ស Titanic បានលិចចូលសមុទ្រក្នុងឆ្នាំ១៩១២ អំឡុងការធ្វើដំណើរកម្សាន្តមួយ ក្រោយបុកទង្គិចទៅនឹងផ្ទាំងទឹកកកដោយបណ្ដាលឱ្យមនុស្សច្រើនជាង ១,៥០០នាក់បានស្លាប់៕ ដោយ៖ ធីរីណា
រូបថត៖ 1thegioi.vn