ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទីKepa Arrizabalagaរបស់ក្រុមតោខៀវរៀបការជាមួយនឹងតារាបង្ហាញម៉ូតអេស្ប៉ាញAndrea Martinez

ចែករំលែក៖

​អ្នកចាំទី របស់ក្រុមតោខៀវChelsea កីឡាករKepa Arrizabalagaបានរៀបចំពិធីមង្គលការជាមួយនឹងតារាបង្ហាញម៉ូតអេស្ប៉ាញAndrea Martinezដោយមានសមាជិកក្លិបចូលរួមមួយចំនួនផងដែរនៅក្នុងទីក្រុង  Marbella

​នៅក្នុងកម្មវិធីដ៏មានន័យរបស់កីឡាករKepa Arrizabalaga គេបានឃើញអតីតមិត្តរួមក្រុមតោខៀវChelsea ទៅចូលរួមមានដូចជា កីឡាករ Jorginhoដែលបានផ្លាស់ទៅលេងឲ្យក្រុម Arsenal ក្នុងតម្លៃខ្លួន ១២លានផោន​ បន្ទាប់ពីលេងឲ្យតោខៀវអស់រយៈពេល៥ឆ្នាំ។ ចំណែកខ្សែប្រយុទ្ធអេស្ប៉ាញ  Alvaro Morata របស់ក្លិប Atletico Madrid ក៏មានវត្តមានផងដែរដោយគាត់ធ្លាប់ជាកីឡាករបំបែកកំណត់ត្រាផ្ទេរមកកាន់ទីក្រុងឡុដ៏អង់គ្លេសក្នុងតម្លៃ៦០លានផោន ប៉ុន្តែលេងមិនបានល្អដោយរកបានតែ២៤គ្រាប់ក្នុងចំណោម៧២ប្រកួតឲ្យតោខៀវ។

​ចំណែកកីឡាករ២រូបផ្សេងទៀត Kai Havertz និង Mateo Kovacic ដែលនឹងចាកចេញទីក្រុមតោខៀវនៅក្នុងរយៈពេលខ្លីខាងមុខក៏បានបង្ហាញខ្លួននៅក្នុងថ្ងៃដ៏ពិសេសរបស់មិត្តរួមក្រុមខ្លួន។ Kai Havertz ត្រូវបានគេរំពឹងថានឹងទៅចូលរួមក្រុមកាំភ្លើងធំ ជាមួយនឹងមិត្តរួមក្រុមចាស់កីឡាករ Jorginhoក្នុងតម្លៃ៦៥លានផោន ខណៈ Kovacic អាចនឹងទៅចូលរួមជាមួយនឹងក្រុមជើងឯកបីពានManchester Cityដើម្បីជំនួសតំណែងកីឡាករ Ilkay Gundogan

​ក្រោមការដឹកនាំថ្មីរបស់គ្រូបង្វឹក Mauricio PochettinoកីឡាករKepa Arrizabalagaសង្ឃឹមថានឹងបន្តស្នាក់នៅជាមួយនឹងក្រុមតោខៀវព្រោះគាត់មានទំនាក់ទំនងល្អជាមួយនឹងគ្រូបង្វឹកអ្នកចាំទីរបស់លោកMauricio Pochettinoខណៈដែលគ្រូបង្វឹកសញ្ជាតិអាហ្ស៊ង់ទីនេះមានតួនាទីផ្លាស់ប្តូរកីឡាករជាច្រើនរបស់តោខៀវដើម្បីឈ្នះជើងឯកនៅរដូវកាលក្រោយ ៕

ដោយ៖ ភារៈ


ចែករំលែក៖