ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​នេះ៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។

សម្តេចតេជោ ថ្លែង​សារជាថ្មីម្តងទៀតថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ​ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានា។

សម្តេចតេជោ ថ្លែង​ថា ទំនាក់ទំនងរវាងសម្តេច និងប្រជាជន គឺបានចូលដល់ដំណាក់កាលមួយទៀតហើយ នោះគឺប្រៀបបានដូចជាឪពុក និងកូន ពូ និងក្មួយ។

សម្តេចតេជោ ថ្លែង​ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយ។

សម្តេចតេជោ ថ្លែង​ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានាដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេសការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។

សម្តេចតេជោ ប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍ការឧបត្ថម្ភ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ពសម្ដេចតេជោ ក៏ប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ។

សម្តេចតេជោ ប្រកាស​ថា គោលនយោបាយគាំពារសង្គមត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

សម្តេចតេជោ ថ្លែង​ជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ថា បន្ទាប់ពីមានបទពិសោធន៍ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់១ម៉ឺនគ្រែ សម្រាប់១ម៉ឺននាក់ គឺមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

សម្តេចតេជោ ប្រកាសផ្តាំទៅអ្នកលេងបណ្តាញសង្គម Facebook កុំបង្ហោះព័ត៌មានដោយគ្មានការអនុញ្ញាតពាក់ព័ន្ធជាមួយរឿងសន្តិសុខជាតិ។

សម្តេចតេជោ ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ជាបណ្ដាញផ្សព្វផ្សាយផ្លូវការចំបងលើការផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ផងដែរ ខណៈពេលនេះមានពលរដ្ឋចូលចិត្ត និងចូលគាំទ្រជាង ៨៥ ម៉ឺននាក់បានភ្ជាប់ចូលរួចហើយ។ ការប្រកាសរបស់សម្ដេចតេជោ បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថាការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។

សម្តេចតេជោ ប្រកាសអាសន្នឡើងវិញ ចំពោះការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្តេចសូមធ្វើការអំពាវនាវដល់អ្នកស្រលាញ់ភេទដូចគ្នាមានការប្រុងប្រយ័ត្នបន្ថែម ខណៈការផ្ទុះជំងឺអេដស៍ឡើងវិញនេះគឺកើតចេញពីបុរសស្រលាញ់បុរសដូចគ្នា។

សម្តេចតេជោ បន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រាក់ឈ្នួល៕

ដោយ​៖ ស​ តារា​


ចែករំលែក៖