ខេត្តព្រៃវែង៖ ព្រោះតែទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី បុរសម្នាក់ បានទាញកាំបិតចិតបន្លែចាក់សម្លាប់គូជម្លោះ ដែលរាប់អានគ្នាដូចជាបងប្អូនធម៌ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។
នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១១យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថ្មីៗនេះ នៅចំណុចផ្ទះរបស់ឈ្មោះ ឆោម គីមហេង ភេទស្រី អាយុ ៦៨ឆ្នាំ ស្ថិតក្នុងភូមិលេខ ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ កែវ មករា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (ស្លាប់) ។ ចំណែកជនសង្ស័យមានឈ្មោះ ឆោម សុភ័ក្ត្រ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិលេខ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណជាង ១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យ បានផឹកស៊ីជាមួយគ្នា នៅផ្ទះកើតហេតុខាងលើ បន្ទាប់មកពួកគេទាំងពីរនាក់ ក៏កើតមានទំនាស់ពាក្យសម្តី ឈានដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក គ្រានោះ ជនសង្ស័យក៏បានយកកាំបិតចិត្តបន្លែមកចាក់ចំកជនរងគ្រោះឈ្មោះ កែវ មករា បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលក្រុងព្រៃវែង កសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សហការី