ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យឆាបឆេះ អតីតខារ៉ាអូខេ មួយកន្លែង បណ្តាលឱ្យមនុស្សប្រុសស្រី៦នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆេះទីតាំងអតីតខារ៉ាអូខេ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បានបណ្ដាលឲ្យមានមនុស្សប្រុសស្រីចំនួន០៦នាក់ស្លាប់។

ហេតុការណ៍គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអតីតខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០៦ កែងផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សប្រុសស្រី ៦នាក់ (ស្រី២) ដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពី អតីតខារ៉ាអូខេ មិនមានស្លាកយីហោនោះ យ៉ាងសន្ធោសន្ធៅ នៅជាន់ទី៣ និង ទី៤ ហើយក្នុងនោះមានមនុស្សមួយចំនួនបានជាប់គាំងនៅក្នុងបន្ទប់មួយនៅជាន់ទី៤ ចេញមិនរួចដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេក ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ជំនាញ នៃការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ ជាច្រើនគ្រឿង រួមទាំងរថយន្តជំនួយផ្សេងទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់ភ្លាមៗ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ដែលក្នុងប្រតិបត្តិការសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨៨ឡាន , រថយន្តទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន, រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន និង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ទើបអគ្គិភ័យបានរលត់ជាស្ថាពរ ដោយប្រើរយៈពេល ៣ម៉ោង៣០នាទី ទើបរលត់ទាំងស្រុង។

សូមបញ្ជាក់ថា ចំពោះមនុស្សប្រុស្រី៦នាក់ ដែលបានជាប់គាំងនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ឆាបឆេះអតីតខារ៉ាអូខេនេះ កម្លាំងសមត្ថកិច្ចបានព្យាយាមជួយសង្គ្រោះដែរតែស្ថានភាពខាងក្នុងមានភាពលំបាក និង ផ្សែងខ្លាំងពេក ធ្វើជនរងគ្រោះថប់ដង្ហើមស្លាប់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្តថា ក្នុងករណីគ្រោះអគ្គិភ័យនេះ ចំពោះមូលហេតុកម្លាំងជំនាញកំពុងស្រាវជ្រាវ។

ចំពោះសពជនរងគ្រោះទាំង៦នាក់ កម្លាំងសមត្ថកិច្ច នឹងយកទៅតម្កល់ទុកនៅវត្តអារាម ដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖