ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី០៣ខែកក្កដា

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពី ព្រលប់ ថ្ងៃទី០៣ខែកក្កដា នេះ ។

   ក្នុងឱកាសនោះ លោកឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌធ្វើការបោសនិងលាងសម្អាតឲ្យស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួនដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីឲ្យ រាជធានីភ្នំពេញ មានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។

      លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងផងដែរថា ៖កាលពីព្រលប់និងយប់ថ្ងៃទី០៣ខែកក្កដា ម្សិលម៉ិញភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមាន​រហូតដល់​១៥៣​មី​លី​ម៉ែត្រ​(​វាស់​នៅ​ស្ថានីយ៍​បឹងត្របែក​)​ ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់ ។ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង ក្រុមការងារ នៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់ មន្ត្រីនិងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

     លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់អោយដឹងទៀតថា នៅព្រឹកថ្ងៃទី០៤ កក្កដានេះ ដោយមានការណែនាំនិងចុះពិនិត្យដោយផ្ទាល់ នៅលើបណ្តោយផ្លូវម៉ៅសេទុង លោកឃួង ស្រេង បានជម្រុញអោយមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្មករទាំងអស់ជាមួយនឹងការប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ១៨ គ្រឿង ដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវម៉ៅសុទុង ក៏ដូចជាផ្លូវកម្ពុជាក្រោម និងបណ្តា ផ្លូវមួយចំនួនទៀតដែលមានកាកសំណល់ភក់និងសំរាមនៅលើទ្រូងផ្លូវ។

    លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទន្ទឹមនិងកម្រិតទុកភ្លៀងខ្លាំងរហូតដល់កំពស់១៥៣មីលីម៉ែត្រនេះ ស្ថានីយ៍បូមទឹករបស់យើង ដែលមានសមត្ថភាពបូមទឹក បានខ្លាំងជាងមុន៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែលបានធ្វើឲ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះផ្លូវកម្ពុជាក្រោមបានស្របអស់នៅម៉ោង១២យប់ ផ្លូវ២០០៤បានស្រកអស់នៅម៉ោង១យប់ និងផ្លូវម៉ៅសេទុងនេះ បានស្រកអស់នៅម៉ោងប្រមាណ៣ភ្លឺ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះតំបន់មួយចំនួននៅបឹងទំពន់គឺបាននិងកំពុងទទួលរងការលិចលង់នៅឡើយ ព្រោះតំបន់នោះទៀបជាងគេ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានីនៅម៉ោង១១ឬ១២ថ្ងៃនេះ ទឹកនិងអាចច្រកចុះអស់ពីតំបន់ទាំងនោះហើយ៕

ដោយ ៖ សំរិត


ចែករំលែក៖