ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិនស្នើដល់កម្លាំងទាហានត្រៀមសារតីប្រយុទ្ធឱ្យបានល្អបំផុត

ចែករំលែក៖

ប្រទេសមហាអំណាចសេដ្ឋកិច្ចគឺត្រូវតែមានកម្លាំងយោធាខ្លាំង សព្វាវុធទំនើបៗ ។ នៅពេលនេះប្រធានាធិបតីចិនលោកស៊ី ជិនពីង បានអំពាវនាវដល់កម្លាំងទាហានត្រូវតែ «ហ៊ានធ្វើសង្គ្រាម»។ ការស្នើខាងលើនេះគឺក្នុងពេលលោក ស៊ី ជីនពីងធ្វើទស្សនកិច្ចនៅកងពលស្ថិតនៅជិតកោះតៃវ៉ាន់។
សារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបញ្ជាឱ្យយោធារបស់លោកពង្រឹងផែនការសង្រ្គាម និងការប្រយុទ្ធដើម្បីបង្កើនឱកាសឈ្នះនៅក្នុងសង្រ្គាមជាក់ស្ដែង ជាមួយការរំឭកឡើងវិញនូវការអំពាវនាវឱ្យកងទ័ពការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។
លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើទៅកាន់កងទ័ពចិន នាឱកាសចុះធ្វើអធិការកិច្ចទៅកាន់ទីបញ្ជាការយោធាភូមិភាគខាងកើត។ បើតាមប្រធានាធិបតីចិន ពិភពលោកសព្វថ្ងៃបានឈានចូលសម័យដ៏ច្របូកច្របល់មួយ និងមានការប្រែប្រួល ខណៈដែលស្ថានភាពសន្តិសុខរបស់ចិនកាន់តែអស្ថិរភាព និងមានភាពមិនច្បាស់លាស់។
ទីបញ្ជាការយោធាចិនភូមិភាគខាងកើតមានទីស្នាក់ការនៅក្នុងខេត្ត ជាំងស៊ូ (Jiangsu) និងដែលទទួលខុសត្រូវលើសន្តិសុខតំបន់ភាគខាងកើតរបស់ចិន ក្នុងនោះរួមមានទាំងសមុទ្រចិនខាងកើតនិងច្រកសមុទ្រតៃវ៉ាន់។ កាលពីដើមឆ្នាំ២០២៣ លោក ស៊ី ជីនពីង ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យកងទ័ពចិនពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីថែរក្សាសន្តិសុខជាតិ និងប្រែក្លាយយោធារបស់ខ្លួនឱ្យទៅជា «មហាកំពែងដែកថែប»៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖