ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ជំទាស់ការបញ្ជូនគ្រាប់បែកចង្កោមដល់អ៊ុយក្រែនផងដែរ

ចែករំលែក៖

សារព័ត៌មាន The Guardian បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ទី៨ ខែកក្កដាថា ចក្រភពអង់គ្លេសមិនលើកទឹកចិត្តឱ្យប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីផែនការផ្ដល់គ្រាប់បែកប្រភេទនេះទៅឱ្យអ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តធំៗរបស់អាមេរិកដូចជា នូវែលហ្សេឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដា បង្ហាញជំហរជំទាស់នឹងការប្រើប្រាស់និងផ្គត់ផ្គង់គ្រាប់បែកចង្កោម។
កាលពីថ្ងៃសុក្រកន្លងទៅ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញមុខការពារនូវអ្វីដែលលោកហៅថាជាការសម្រេចចិត្តដ៏លំបាកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែន បើទោះជាមានការរិះគន់និងការជំទាស់ពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិជាច្រើនក៏ដោយ។ គ្រាប់បែកចង្កោមអាចត្រូវបានគេប្រើប្រាស់តាមរយៈការទម្លាក់ចេញពីយន្ដហោះឬបាញ់ចេញពីកាំភ្លើងធំជាមួយការបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ ហើយអ្វីដែលជាបញ្ហាចោទនោះគឺនៅក្នុងចំណោមគ្រាប់បែកចង្កោមមួយភាគធំត្រូវបានគេរាយការណ៍ថាមិនបានផ្ទុះភ្លាមៗនោះទេ ដែលនេះអាចនឹងបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្សនៅពេលក្រោយ។
បើតាមលោក Rishi Sunak ចក្រភពអង់គ្លេសដែលជាប្រទេសហត្ថលេខីមួយលើអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមនឹងមិនផ្ដល់គ្រាប់បែកចង្ហោមឱ្យអ៊ុយក្រែននោះទេ ហើយក៏នឹងមិនធ្វើតាមរដ្ឋបាលលោក ចូ បៃដិន នោះដែរ ប៉ុន្តែនឹងបន្តគាំទ្រអ៊ុយក្រែនតាមវិធីផ្សេង។ លោក Sunak មិនបានរិះគន់លើការសម្រេចចិត្តរបស់ លោក ចូ បៃដិន នោះទេ ដោយគ្រាន់តែលើកឡើងថាទីក្រុងឡុងដ៍នឹងមិនលើកទឹកចិត្តឱ្យប្រើប្រាស់គ្រាប់បែកចង្កោមទេ អនុលោមតាមអនុសញ្ញាអន្តរជាតិ។
សម្ព័ន្ធមិត្តអាមេរិកតួយ៉ាងដូចជា នូវែលហ្សេឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដាដែលសុទ្ធសឹងស្ថិតក្នុងចំណោមទាំងប្រទេសចំនួន១២៣ នៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម បានរិះគន់ការបញ្ជូនគ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ហើយអះអាងថាពួកគេនឹងមិនផ្ដល់អាវុធប្រភេទនេះឱ្យទីក្រុងកៀវឡើយ៕

ដោយ៖ ធីរីណា(រូប​ថត​៖ US ARMY)


ចែករំលែក៖