ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រៃវិហារ និងឃុំស្នំក្រពើ ស្រុកគងពិសី ដើម្បីជំរុញភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះលោក ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបន្តចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ២ឃុំ បន្ថែមទៀតរួមមាន ឃុំព្រៃវិហារ និងឃុំស្នំក្រពើ ស្រុកគងពិសី ដើម្បីជំរុញភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងជំនួបនេះលោកសំ រិទ្ធី ប្រធានអនុគណៈកម្មការផ្នែកច្បាប់ និងនីតិវិធីនៃគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បានបង្ហាញពីវិធីគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីធានាភាពត្រឹមត្រូវ នៃសន្លឹកឆ្នោតដែលយកជាការបាន។ ទន្ទឹមនឹងការបង្ហាញនេះអង្គពិធីបានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់និងបង្ហាញពីស្មារតីយ៉ាងមោះមុត ដើម្បី ធានាបានភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា ជានិច្ច។

នាឱកាសដ៏វិសេសវិសាលនេះលោក ហ៊ុន ម៉ានីបានយក ឱកាសនេះគូសបញ្ជាក់បន្ថែមពីភាពចាំបាច់នៃការចុះណែនាំពន្យល់ពីរបៀបគូសសន្លឹកឆ្នោតបានការ ដោយ ឯកឧត្តមបានរំលេចថា តាមរយៈបទពិសោធន៍កន្លងមក សន្លឹកឆ្នោតដែលមិនបានការនៅតែមានគួរឲ្យកត់ សម្គាល់ក្នុងការបោះឆ្នោត។ លោកបន្ថែមថា ផ្អែកលើចំនុចនេះហើយ ទើបបង្ហាញថាការបង្រៀនអំពីនីតិវិធី និងការគូសសន្លឹកឆ្នោត ត្រឹមត្រូវ ពិតជាមានភាពចាំបាច់។

គួរបញ្ជាក់ដែរថាពិធីសំណេះសំណាលព្រឹកនេះ ក៏មាន ការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត ថ្នាក់ដឹក នាំ ក្រុមការងារគណបក្សចុះជួយឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៨០០៕

ដោយ៖ សូរិយា


ចែករំលែក៖