ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បុរសម្នាក់ ព្រោះតែឥទ្ធិពលគ្រឿងស្រវឹង បានកេីតជារឿងជម្លោះក្នុងគ្រួសាររហូតក្លាយជាអំពើហិង្សាទាញកាំបិតកាប់ប្រហារលេីប្រពន្ធ និងកូនឱ្យរបួសធ្ងន់ធ្ងរ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា ហេតុការណ៍ខាងលេីនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ខណៈដែលបុរសជាប្តី បានត្រឡប់មកពីជួបជុំផឹកស៊ីវិញ ត្រូវប្រពន្ធជេរស្ដីបន្ទោសឱ្យបន្តិចបន្តួច រហូតប្រតាយប្រតប់គ្នា រួចប្តីក៏ទាញកាំបិតមកកាប់សន្ធាប់លើប្រពន្ធ និងកូនស្រី បណ្ដាលឱ្យរងរបួសធ្ងន់ទាំង ២នាក់ ស្ថិតក្នុងភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រួចព្យាយាមរត់គេចខ្លួន ក៏ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ តាមចាប់ឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់ ។
ជនរងគ្រោះទាំង ២នាក់ ទី១ ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបរកសិករ របួស ៥ កន្លែង ១.របួសដាច់រយះលើផ្ទៃមុខខាងឆ្វេង, ២.ដាច់រយះលើកំភួនដៃខាងឆ្វេង, ៣.ដាច់ស្បែកក្បាលលើចុងចិញ្ចើមខាងឆ្វេង, ៤.ដា.ច់.ស្បែកក្បាលផ្នែកលើត្រចៀកខាងឆ្វេង, ៥.ដាច់រយះចង្កា (រងរបួសធ្ងន់), ទី២ ឈ្មោះ ចាន់ ឌី ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មុខរបកសិករ រងរបួស ២ កន្លែង លើភ្លៅ ខាងស្ដាំមុតដាច់ចេញឈាម និងរបួសមេដៃខាងស្តាំ (ធ្ងន់) ។
ដោយឡែកជនសង្ស័យមានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រូច ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
នៅវេលាកើតហេតុ ជនសង្ស័យ បានមកពីផឹកស៊ីនៅខាងក្រៅផ្ទះ ពេលត្រឡប់មកដល់ផ្ទះ ជនរងគ្រោះ ឈ្មោះ ផល ស៊ាងរ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ត្រូវជាប្រពន្ធ បានស្តីបន្ទោស ជេរប្រមាថ ពេលនោះប្ដីបានឃាត់កុំឱ្យជេរ តែជនរងគ្រោះជាប្រពន្ធមិនព្រមឈប់នោះទេ និង បានយកទឹកនោមក្នុងកន្ថោរ មកជះទៅលើជនសង្ស័យជាប្ដី រួចរុញបណ្តាលឱ្យដួលទៀត ហើយក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យជាប្តី បានដើរទៅចង្ក្រានបាយរួចទាញកាំបិតប៉័ងតោកាប់ ទៅលើប្រពន្ធជាច្រើនកាំបិត ពេលកូនស្រីឈ្មោះ ចាន់ ឌី មកជួយ ក៏កាប់ទាំងកូនស្រីទៀត បណ្តាលឱ្យ រងរបួសធ្ងន់ទាំង ២នាក់តែម្តង ។
បន្ទាប់ពីធ្វើសកម្មភាពកាប់ប្រពន្ធ និងកូនរួច បានរត់គេចខ្លួនទៅផ្ទះមិត្តភក្តិឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតាណាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយក៏ត្រូវកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនបាននៅទីនោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យជាប្តី រួមជាមួយវត្ថុតាងកាំបិត ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី