ខេត្តព្រៃវែង៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព យកពូថៅវាយបំបែកទូទូរស័ព្ទចំនួន ០១ទូ ទូតាំងសម្ភារៈទូរស័ព្ទចំនួន ០១ បណ្តាលឱ្យប្រេះស្រាំទាំង ០២ ។ ក្រោយកើតហេតុភ្លាមកម្លាំងនគរបាល បានចុះដល់ទីតាំង ដើម្បីអន្តរាគមន៍ ក៏ត្រូវបានជនសង្ស័យចូលក្នុងផ្ទះយកចំពាមកៅស៊ូបាញ់ត្រូវចំនគរបាល ចំនួន ០១ គ្រាប់ ចំក្រោមដើមទ្រូងខាងឆ្វេង និងយកកាំបិតគំរាមកាប់មកលើកម្លាំងនគរបាល ថែមទៀត ។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ចិន ពៅតួ ភេទប្រុស អាយុ ២៤ឆ្នាំ ស្ថិតក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះឈ្មោះ ចិន ពៅតួ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅចំណុចភូមិឃុំកើតហេតុ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ប៊ី នឿន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិ ស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានយកពូថៅវាយបំបែកទូទូរស័ព្ទចំនួន ០១ទូ ទូតាំងសម្ភារៈទូរស័ព្ទចំនួន០១ បណ្តាលឱ្យប្រេះស្រាំទាំង ០២ ។
ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅដល់ផ្ទះជនសង្ស័យ ដើម្បីកោះហៅមកសាកសួរ តែជនសង្ស័យមិនព្រមសហការ និងបានចូលក្នុងផ្ទះយកចំពាមកៅស៊ូបាញ់ត្រូវចំនគរបាលចំនួន ០១ គ្រាប់ បណ្ដាលឱ្យរងរបួស និងយកកាំបិតគំរាមកាប់មកលើនគរបាលថែមទៀតផង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានចាប់ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី