ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម អនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតនៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតនៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការក្រុមប្រទេសនិយាយភាសាបារាំងដែលចាត់បញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទី ប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអង្គការ OIM។

សម្ដេចក៏បានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣មក ក្នុងនោះកម្ពុជាបានដំណើរការបោះឆ្នោតជាសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលកំពុងដំណើរការនីតិកាលទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥កាលពីឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថានៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន២ទៀតដែរគឺការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការ បោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។

សម្ដេចក៏បានជម្រាបជូនដែរថាជាទូទៅនៅកម្ពុជាក្នុង រយៈពេល៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះ ឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានា។

សម្ដេចបានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ  និងអ្នកសារព័ត៌មាន ហើយសម្រាប់ការ បោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។

លោកDesire NYARUHIRIRA បានថ្លែងអំណរគុណសម្ដេចក្រឡាហោមដែលបានចំណាយពេលវេលាទទួលជួបប្រតិភូក្រុមប្រទេសនិយាយភាសាបារាំង។លោកបាន រម្លឹកភាពជាស្ថាបនិករបស់កម្ពុជាក្នុងការបង្កើតអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងបានទទួលស្គាល់ពីតួនាទីកម្ពុជាក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។

លោកDesire NYARUHIRIRA បន្ថែមថា នៅពេលប្រទេសសមាជិកក្រុមប្រទេសនិយាយភាសាបារាំងរៀបចំការបោះឆ្នោត អង្គការនេះតែងចាត់បញ្ជូនប្រតិភូចូលរូមសង្កេតការណ៍ និងបានជួបជាមួយបណ្ដាតួអង្គពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសទាំងនោះ ហើយបេសកកម្មនេះគឺដើម្បីជួយពង្រឹងនីតិរដ្ឋ និងសន្តិភាព។

បន្ទាប់មក សម្ដេចក្រឡាហោមស ខេងនិងលោកប្រធានប្រតិភូក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធន៍ពាក់ ព័ន្ធនឹងដំណើរការបោះឆ្នោតនៅកម្ពុជា។ សម្ដេចក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងមហាផ្ទៃក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឱ្យដំណើរការបោះឆ្នោតនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖