ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូបត់មិនប្រយ័ត្នត្រូវរថយន្តស៊េរីទំនើបបុកបណ្តាលឱ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ជិះម៉ូតូម៉ាកHonda Scoopy បត់មិនប្រយ័ត្នត្រូវបានរថយន្ត Mercedes.G63 ស៊េរីទំនើបបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ។

សមត្ថកិច្ចប្រាប់ថា មុនគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ត្រីរងគ្រោះឈ្មោះ ប៊ិវ ភួង អាយុ៧៧ឆ្នាំ រស់នៅភូមិកន្លែងកើតហេតុបានជិះម៉ូតូម៉ាកHonda Scoopy តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ឆ្វេងបម្រុងចូលផ្លូវលំ ពេលនោះស្រាប់តែមានរថយន្តMercedes.G63ពាក់ផ្លាកលេខកម្ពុជា2SV-9000 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកក្នុងទិសដៅស្របទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកព្រះនេត្រព្រះបានមកដល់កន្លែងកើតហេតុសម្រួលចរាចរណ៍និងធ្វើការវាស់វែង ហើយបានប្រាប់ថា មូលហេតុគ្រោះចរាចរណ៍កើតឡើងបណ្តាលមកពីស្ត្រីរងគ្រោះបត់ម៉ូតូមិនប្រយ័ត្នហើយរថយន្តបង្កបើកលឿនបានបុកពីក្រោយបណ្តាលឱ្យស្លាប់តែម្តង។ អ្នកបើកបររថយន្តស៊េរីទំនើបក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលបញ្ជាក់ថា៖ ក្រោយធ្វើការវាស់វែងហើយសពស្ត្រីរងគ្រោះបានប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តដែលបង្កនិងម៉ូតូរងគ្រោះដែលខូចខាតត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះរង់ចាំដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖