ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែងត្រៀមកម្លាំងជិត៥០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅក្នុងដំណើរការបោះឆ្នោត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀម កម្លាំង ជិត៥០០នាក់រួចជាស្រេច ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។ ការត្រៀមកំលាំងសមត្ថកិច្ចនេះ គឺធ្វើឡើង ដើម្បីគាំទ្រដំណើរការបោះឆ្នោត ដោយមិនមានការភ័យខ្លាច និងប្រកបដោយជោគជ័យ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣នេះ នឹងត្រូវឈានចូលមកដល់ក្នុង រយៈពេល៣ថ្ងៃ ទៅមុខទៀតនេះ បន្ទាប់ពីគណបក្សនយោបាយនានាបានបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតរៀងៗខ្លួន ក្នុងរយៈពេល ២០ថ្ងៃ នោះរួចមក។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងនៅថ្ងៃទី២០ កក្កដា ២០២៣ នេះថា រដ្ឋបាលខេត្តស្ទឹងត្រែង បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជា ពលរដ្ឋ ទាំងនៅក្នុងក្រុង និងនៅទីជនបទ ដើម្បីធានាដល់ពួកគាត់ ទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ប្រកបដោយសុខសុវត្ថិភាព និងដោយមិនមានការភ័យខ្លាច។

ស្របពេលដែលថ្ងៃបោះឆ្នោតខិតជិតចូលមកដល់នេះ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៣ ខែ កក្កដា ឆ្នាំ២០២៣ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជឿនលឿន បន្ថែមទៀត។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានការិយាល័យបោះឆ្នោតចំនួន ២៤៥ការិយាល័យ និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៩៧ ៤៥២នាក់ និងមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១០ គណបក្ស គឺ គណបក្សខ្មែរតែមួយ,គណបក្សសញ្ជាតិកម្ពុជា,គណ បក្សខ្មែររួបរួមជាតិ,គណបក្សស្ត្រីដើម្បីស្ត្រី,គណបក្សខ្មែរឈប់ក្រ,គណបក្សហ្វុនស៊ិនប៉ិច,គណបក្សធម្មាធិប តេយ្យ,គណបក្សយុវជនកម្ពុជា,គណបក្សជនជាតិដើមប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖