ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅអាល់ហ្សេរីសម្លាប់មនុស្ស៣៤នាក់

ចែករំលែក៖

ភ្លើងឆេះព្រៃបន្តរាលដាលពាសពេញប្រទេសអាល់ហ្សេរី ចំពេលរលកកម្តៅរាលដាលពាសពេញអាហ្វ្រិកខាងជើងនិងអឺរ៉ុបខាងត្បូង។
ក្រសួងមហាផ្ទៃអាល់ហ្សេរីបានប្រកាសកាលពីថ្ងៃទី២៤ខែកក្កដាថា មនុស្ស៣៤នាក់បានស្លាប់ ក្នុងនោះមានទាហាន១០នាក់ នៅពេលដែលភ្លើងឆេះព្រៃរាលដាលដល់តំបន់លំនៅឋាន។ ក្រៅពីនេះ មនុស្សយ៉ាងហោចណាស់ ២៦នាក់បានរងរបួស។
យោងតាមមន្ត្រីអាល់ហ្សេរី អ្នកពន្លត់អគ្គិភ័យជាង 8.000 នាក់ត្រូវបានចល័តដើម្បីពន្លត់ភ្លើងនៅក្នុងតំបន់ភ្លើងឆេះព្រៃដ៏ធំដូចជា Boumerdes, Bouira, Tizi Ouzou, Jijel, Bejaia និង Skikda ។ រហូតមកដល់ពេលនេះ មនុស្សប្រហែល ១.៥០០នាក់ត្រូវបានជម្លៀសចេញ។ អាជ្ញាធរកំពុងស្រាវជ្រាវរកមូលហេតុនៃភ្លើងឆេះព្រៃនេះ។
លោកប្រធានាធិបតី Abdelmadjid Tebboune នៅថ្ងៃទី២៤ ខែកក្កដា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។
ក្រសួងមហាផ្ទៃរបស់ប្រទេសអាល់ហ្សេរីបាននិយាយថា សីតុណ្ហភាពក្នុងតំបន់ជាច្រើនក្នុងប្រទេសបានឡើងដល់ ៤៨អង្សាសេ ហើយមានភ្លើងឆេះសរុបចំនួន ៩៧ នៅក្នុងខេត្តចំនួន ១៦។ ប្រតិបត្តិការពន្លត់អគ្គិភ័យប្រឈមនឹងឧបសគ្គជាច្រើនដោយសារខ្យល់ខ្លាំង។ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋនៅឱ្យឆ្ងាយពីតំបន់ដែលរងគ្រោះដោយភ្លើងឆេះ ហើយរាយការណ៍អំពីអគ្គិភ័យថ្មីដល់អង្គភាពពន្លត់អគ្គិភ័យ។
ភ្លើងឆេះព្រៃជាញឹកញាប់កើតឡើងនៅប្រទេសអាល់ហ្សេរីនៅរដូវក្តៅ។ នៅឆ្នាំនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែកម្តៅយូរ ដែលបណ្តាលឱ្យប្រទេសមួយចំនួននៅក្នុងតំបន់មេឌីទែរ៉ាណេ ជួបប្រទះនឹងសីតុណ្ហភាពខ្ពស់បំផុត៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖