ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា សូមគាំទ្រការសម្រេចរបស់ សម្តេចតេជោ ដោយថាជាការលះបង់ដ៏ធំធេង សម្រាប់មនុស្សជំនាន់ក្រោយ !

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសដល់អ្នកបន្តវេនជានាយករដ្ឋមន្ត្រីថ្មី ពោលគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបន្តថែរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍ប្រទេស។

លោក ឯម ច័ន្ទមករា យល់ថាគ្រប់ការសម្រេចរបស់សម្ដេចតេជោគឺបានតាំងប្រយោជន៍ជាតិនិងប្រជាជនជនជាធំ ហើយបេក្ខភាពបន្តវេននាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត គឺពិតជាស័ក្កិសមជាមួយចំណេះជំនាញ និងការលះបង់របស់លោកចំពោះជាតិប្រជាជនកាលពីកន្លងទៅ។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថាលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ ហើយការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហាខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក៕

ដោយ ៖ សហការី


ចែករំលែក៖