ភ្នំពេញ ៖ លោក កត្តា អ៊ន មន្រ្ដីជាន់ខ្ពស់ នៃគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះថា កម្ពុជាបានចាប់ផ្ដើមអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សតាំងតែពីឆ្នាំ១៩៩៣ មកម្លេះរហូតមកដល់ឆ្នាំ២០២៣នេះគឺជាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ហើយបើប្រៀប ធៀបទៅនិងការបោះឆ្នោតអាណត្តិមុនៗ ឆ្នាំ២០២៣ នេះ គឺជាឆ្នាំដែលប្រជាជនយ៉ាងច្រើនបានចេញទៅបោះឆ្នោតដែលមានរហូតដល់ ៨៤.៥៨ភាគរយ។
លោកអះអាងថា តាមរយៈតួលេខនេះគឺបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបានបើកលំហលទ្ធិប្រជាធិបតេយ្យយ៉ាងទូលំទូលាយឲ្យពលរដ្ឋអនុវត្តសិទ្ធិសេរីភាពក្នុងការសម្ដែងមតិជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ពេញចិត្ត។
លោកកត្តា អ៊ន ថ្លែងថា ៖«ប្រជាជនចេញទៅបោះឆ្នោតច្រើន វាបញ្ជាក់អោយឃើញថា នៅកម្ពុជាមានលំហប្រជាធិបតេយ្យទូលំទូលាយ ប្រជាជនកម្ពុជាមានបទ ពិសោធន៍ក្នុងការបោះឆ្នោត ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាព ក្នុងការទៅបោះឆ្នោត មានសិទ្ធិនយោបាយគ្រប់បែបយ៉ាងទាំងអស់ ដែលជាសិទ្ធិធានាដោយរដ្ឋធម្មនុញ្ញ និងកត្តិកាសញ្ញាអនុសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិមនុស្ស ហើយជាគោលនយោបាយរបស់កម្ពុជា នៅក្នុងការធានាក្នុងការគោរពសិទ្ធិមនុស្សបានល្អ ត្រឹមត្រូវ ទើបប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ»។
លោកកត្តា អ៊ន បន្តថា កម្ពុជាមានគបណបក្សនយោ បាយ ចំនួន ៤៧ ហើយមាន ១៨គណបក្សនយោបាយដែលបានចុះឈ្មោះប្រកួតប្រជែងយកដំណែងជាក្បាល ម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាល ដែលនេះគឺជាការបញ្ជាក់នូវខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយប្រជាជនបានប្រើសិទ្ធិយ៉ាងទូលំទូលាយ ក្នុងការជ្រើស រើសគណបក្សនយោបាយដែលពួកគាត់ពេញចិត្ត ដែលនេះគឺជាភស្តុតាងជាក់ស្ដែងបញ្ជាក់ពីការគោរពសិទ្ធិសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ។
បើទោះបីជាមានទឡ្ហីករណ៍បញ្ជាក់អំពីដំណើរលទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបែបនេះក្ដី សម្រាប់ក្រុមជ្រុលនិយម និងចាហ្វាយនាយបរទេសរបស់ពួកគេ,គេមិនសាទរដំណើរលទ្ធិប្រជា ធិបតេយ្យរបស់កម្ពុជាឡើយ ពួកគេបានចោទប្រកាន់ថា ជាការបោះឆ្នោតក្លែងក្លាយ និងគំរាមកំហែងពលរដ្ឋ។
ប្រតិកម្មតបនិងការចោទប្រកាន់ទាំងងងឹតងងុលនេះ លោក កត្តា អ៊ន មានប្រសាសន៍ថា គឺជារឿងគួរឲ្យអស់ សំណើចចំពោះការប្រឆាំងដោយគ្មានការពិចារណា។ តែយ៉ាងណាចំពោះការចោទប្រកាន់របស់ក្រុមអ្នកប្រឆាំងជ្រុលនិយមគ្មានតម្លៃអ្វីឡើយ ពីព្រោះប្រជាជនកម្ពុជា គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ អន្ដរជាតិសុទ្ធតែបង្ហាញការគាំទ្រចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដីនីតិកាលទី០៧ ថា បានប្រព្រឹត្តទៅដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកកត្តា អ៊ន ថ្លែងថា «យើងឃើញថា គណបក្សជា ច្រើនបានចាប់ផ្ដើមប្រកាសទទួលស្គាល់លទ្ធផលបោះ ឆ្នោតជាបណ្ដើរៗ អ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ រាប់ពាន់នាក់ បានប្រកាសទទួលស្គាល់លទ្ធផលនៃការ បោះឆ្នោត សហគមន៍អន្ដរជាតិ បានប្រកាសទទួល ស្គាល់នៃលទ្ធផលការបោះឆ្នោត ហើយជារួមការវាយ តម្លៃរបស់អង្គភាពប្រទេសអ្នកសង្កេតការណ៍ទាំងនោះ ថា កម្ពុជាមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ ទី៣ យើងឃើញថា ប្រជាជនកម្ពុជាយើង ក្រោយការបោះឆ្នោតមានភាពស្ងប់ស្ងាត់ ពុំមានការតវ៉ា ពុំមានបាតុកម្មនោះទេ គឺម្នាក់ៗ ញញឹមពេញចិត្តនិងលទ្ធផលនៃការបោះឆ្នោត ពីព្រោះពួកគាត់បានប្រើ ប្រាស់សិទ្ធិស្វ័យសម្រេចរបស់ខ្លួនដោយត្រឹមត្រូវដោយឯករាជ្យ និងប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួនដោយពេញលេញ។ អញ្ចឹងហើយការវាយតម្លៃជារួមថា ការ បោះឆ្នោតសភាអាណត្តិទី០៧ គឺជាការបោះឆ្នោតមួយដ៏ត្រឹមត្រូវមានប្រជាធិបតេយ្យពិតប្រាកដ ហើយក៏ជាគំរូមួយសម្រាប់ប្រទេសនានាយកតាមកម្ពុជានៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្នុងការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌»។
លោកកត្តា អ៊ន បន្ថែមថា នៅពេលនេះគេបានឃើញហើយថា ក្រុមប្រឆាំងជ្រុលនិយម គឺបាត់បង់ការគាំទ្រពីប្រជាជនកាន់តែខ្លាំងទៅហើយ ដោយសារតែប្រជាជនភាគច្រើនបំផុតមិនបានស្ដាប់តាមការញុះញង់របស់ពួកគេដែលប្រាប់កុំអោយប្រជាជនចេញទៅបោះឆ្នោតនោះទេ៕
ដោយ៖ សូរិយា