ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អរគុណសារអបអរសាទរពីមន្ត្រីនយោបាយ ប្រជាពលរដ្ឋ ចំពោះការលះបង់របស់សម្តេច ផ្តល់អោយយុវជនជំនាន់ក្រោយ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី ។ នេះជាសារសម្លេងសម្តេចបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ ជាពិសេសបង្ហាញអោយឃើញ ពីតម្រូវការចាំបាច់ ការធានានូវសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលវែង ។
សម្តេចតេជោ មានប្រសាសន៍ថា , ខ្ញុំយល់ថាខ្លួនឯងមានការលះបង់ដ៏ធំធេង ប៉ុន្តែនេះ ជាការលះបង់ដើម្បីសេចក្តីសុខ រីកចម្រើនរបស់ជាតិ ទាំងមូល។ ដើម្បីធានាថា ប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថេរភាព ឬការដណ្ដើមអំណាច តាមរយៈចុងអាវុធ ដូចពីអតីតកាលនោះឡើយ ។
សម្ដេចបានបញ្ជាក់ថា , ខ្ញុំចាកចេញជាមួយ និងការដឹកនាំគណបក្សនយោបាយកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រ ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ដែលត្រឹមទទួលបាន នូវ ៧៥ ឬ៧៤%នៅពេលបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នៅឆ្នាំ២០២២ កន្លង ទៅ។
សម្តេចសូមអរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនបានធ្វើ ចំពោះការសម្រេចចិត្តរបស់សម្ដេច ហើយចាត់ទុកថានេះគឺជាដំណើរការរួម របស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ គេអាចនឹងធ្វើកិច្ចការរបស់គេ បានប្រសើរជាង ។ សម្ដេចបានលើកឡើងថា, ខ្ញុំក៏ក្តាប់បាននូវកង្វល់ របស់បងប្អូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅតាមស្ថាប័ននានា ទាក់ទិននិងមុខនាទីរបស់ខ្លួន នៅពេលខាងមុខ ដែលនឹងត្រូវយ៉ាងម៉េច ! ។
សម្ដេចបានថ្លៃបញ្ជាក់ថា , សម្ដេចផ្ទាល់ ក៏ដូចសម្ដេចសាយ ឈុំ , សម្ដេច សខេង , សម្ដេច ទៀ បាញ់ , សម្ដេចមែ៉ន សំអន , បណ្ឌិតហ៊ុនម៉ាណែត , បណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្ន ឯកឧត្តម កើតរិទ្ធ ដែលបាន ដែលបានពិភាក្សាគ្នានៅផ្ទះសម្ដេច មុនពេលដែលសម្ដេច សម្រេចចិត្ត ថាយើងនឹងរក្សាទុក នៅមន្ត្រីទាំងអស់ដែលបានតែងតាំងរួចហើយ ជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ ឬជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ អាចបន្តតទៅទៀត ។ សម្ដេចបញ្ជាក់ថា, ថ្នាក់ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ គឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ។ ថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ។ ថ្នាក់ដែលតែងតាំងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ ៕
ដោយ ៖ សុខ ខេមរា