ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៧-លេខ១០៨ ចំណុចអូរបាក់រទេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយសារភ្លៀងបន្តធ្លាក់ខ្លាំងនៅភូមិសាស្រ្តស្រុកកំពង់សីលា បណ្តាលឱ្យមានជំនន់ទឹកភ្លៀង ហូរកាត់លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីរ និងក្រោមផ្លូវល្បឿនលឿន ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១០៧-១០៨ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

អាជ្ញាធរស្រុកកំពង់សិលា បានផ្អាកបណ្តោះអាសន្នការធ្វើចរាចរណ៍ទាំងទៅ និងមកលើដងផ្លូវជាតិលេខ៤ នៅ មុខកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរិទ្ធ មេបញ្ជា ការ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបានចុះសម្រួលចរាចរណ៍ និងប្រចាំការតាមដានសភាពការណ៍លើដងផ្លូវ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងដែរថា នៅព្រលប់ថ្ងៃ ទី២៨ កក្កដា២០២៣  កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ទឹក ភ្លៀងបានបន្ដជន់លិចលើកំណាត់ផ្លូវជាតិលេខ៤ ។ 

កម្លាំងមន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួចនិងកំលាំងនគរ បាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំពុង យកចិត្ដទុកដាក់សម្រួលចរាចរណ៍បញ្ជៀសរថយន្ដធុនធ្ងន់ដើម្បីរក្សាគុណភាពផ្លូវ និងបញ្ហាគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ ។

តាមការព្យាករណ៍ឧតុនិយមនៃក្រសួងធនធានទឹក ប្រកាសថាកម្ពុជារងឥទ្ធិពលប្រព័ន្ធសំពាធទាប  គឺព្យុះទីហ្វុង ឈ្មោះ Doksuri ដុកស៊ូរី កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន បង្កអោយមានភ្លៀងធ្លាក់ពីថៃ្ង ២៨កក្កដា រហូតដល់ថៃ្ង ០១ សីហា ២០២៣ ព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់។

រហូតដល់ព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៣នេះស្ថាន ភាពទឹកជំនន់លើកំណើតផ្លូវជាតិលេខ៤ក្នុងផ្នែកខ្លះនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ និងស្រុកកំពង់សិលាខេត្តព្រះសីហនុបានស្រកចុះជាបណ្ដើរៗហើយ ស្របពេលដែលភ្លៀងនៅបន្តធ្លាក់ចុះ៕

ដោយ៖ សូរិយា


ចែករំលែក៖