ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានឲ្យដឹងថា បញ្ហាជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសខេត្តនៅជាប់នឹងឆ្នេរសមុទ្រ នាប៉ុន្មានថ្ងៃកន្លងទៅនេះ បានបណ្ដាលឲ្យប៉ះពាល់ពលរដ្ឋប្រមាណជាង ៤ពាន់គ្រួសារ ស្លាប់២នាក់ និងបាត់ខ្លួនម្នាក់ ។
រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សុទ្ធ គឹមកុលមុនី ថ្លែងប្រាប់ ទូរទស្សន៍ ក្នុងស្រុកថា : ជំនន់ទឹកភ្លៀងនេះ បង្កមកពីមានភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី២៧ ខែកក្កដា ដែលប៉ះពាល់ទៅតំបន់មួយចំនួន នៃខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង បណ្ដាលឲ្យលិចលង់ផ្ទះសម្បែង សាលារៀន ផ្លូវជាតិ និងផ្លូវលំមួយចំនួន បង្កឲ្យអាកខានដល់ការធ្វើដំណើរផងដែរ ។
លោកបានបន្តថា ចំពោះខេត្តកំពត បានប៉ះពាល់ក្រុងកំពត ស្រុកទឹកឈូរ និងស្រុកកំពង់ត្រាច បានប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង៤ ៤០០គ្រួសារ បណ្ដាលឲ្យលិចផ្ទះចំនួនជាង ១ពាន់ខ្នង សាលារៀន ៤អគារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ របួស២នាក់ និងជួយសង្គ្រោះ ៤១នាក់ ហើយនៅខេត្តកោះកុង ក៏មានលិចលង់ផ្ទះពលរដ្ឋជាច្រើនខ្នងផងដែរ ។
លោកអ្នកនាំពាក្យ បានបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ស្ថានភាពជំនន់ទឹកភ្លៀង ដែលប៉ះពាល់ខាងលើ គឺស្រកទៅវិញហើយ ដោយអាជ្ញាធរកំពុងបន្តតាមដានស្ថានភាពទឹកភ្លៀងធ្លាក់បន្ថែម ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយអន្តរាគមន៍ ។
លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ដោយឡែកនៅតាមរាជធានីខេត្ត គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរៀបចំទីទួលសុវត្ថិភាព មធ្យោបាយដើម្បីជួយសង្គ្រោះ ហើយក៏សូមអំពាវនាវដល់អាជ្ញាធរ តាមដានការព្យាករណ៍ និងជូនដំណឹងពីក្រសួងស្ថាប័នជំនាញ លើបញ្ហាអាកាសធាតុ ដើម្បីរៀបចំត្រៀមជូនដំណឹង ទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ។
សូមបញ្ជាក់ថា, ខេត្តកែប និងខេត្តកំពង់ស្ពឺ កន្លែងខ្លះត្រូវបានផ្អាក មិនឲ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ ដោយសារជំនន់ទឹកភ្លៀងហូរកាត់ បណ្ដាលឱ្យខូចផ្លូវ និងអាចរងគ្រោះដល់អ្នកដំណើរ ៕
ដោយ ៖ សហការី