ខេត្តបាត់ដំបង៖ ដោយសារតែម្ចាស់គណនី facebook មួយមានឈ្មោះថា ( Sam Achhara) បានបង្ហោះពាក់ព័ន្ធ ទៅនឹងព័ត៌មាន ដែលអ្នករត់ PassApp មានចេតនាអាក្រក់ មកលើភ្ញៀវទេសចរណ៍ ស្ត្រីជនជាតិបារាំង ហើយក៏បង្ហោះយ៉ាងដូច្នេះថា , ឱបាត់ដំបងខ្ញុំ សង្ឃឹមថាអាជ្ញាធម៌នឹងយកចិត្តទុកដាក់គិតគូរដល់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ។ថ្ងៃនេះនាងខ្ញុំពិតជាខ្មាសទេសចរបរទេសណាស់។
រឿងហេតុគឺមានភ្ញៀវទេសចរជនជាតិបារាំងម្នាក់បានធ្វើដំណើរពីភ្នំពេញ មកបាត់ដំបងក្នុងគោលបំណងទេសចរណ៍។គាត់បានជិះឡានក្រុង ពេលយប់មកដល់បាត់ដំបងប្រហែលម៉ោង៤ទៀបភ្លឺ ហើយ ក៏បានប្រាប់ឲ្យPassApp ដឹក គាត់មកសណ្ឋាគារ ឡាគី ប៉ុន្តែនៅពេល មកដល់មុខសណ្ឋាគារហើយ PassApp មិនបានដាក់គាត់ចុះតាមគោលដៅដែលបានចរចា មុនពេលឡើងជិះទេ ទោះបីគាត់ព្យាយាមប្រាប់ឲ្យឈប់ក្តី ក៏PassApp មិនឈប់ដែរ បែរជាព្យាយាមជិះពង្រាងគាត់ទៅផ្លូវ ស្ងាត់ដូចមានក្នុងផែនទីដែលគាត់ផ្ញើឲ្យ ។ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើ passApp ធ្វើឲ្យមានរបួស បាក់ម្រាមដៃនិងរបកមុខមាត់ដូចមានរូបថតជាភស្តុតាង។ (ភ្ញៀវគាត់សំណូមពរឲ្យខ្ញុំផ្ញើសារនេះ គ្រាន់ជាព័ត៌មានដល់ លោកអ្នកដែលមានតួនាទីរក្សាសន្តិសុខ ក្នុងខេត្ត ដ៏ស្រស់ស្អាតមួយនេះផង)។
ពាក់ព័ន្ធករណីនេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសេចក្តីបំភ្លឺព័ត៌មានជុំវិញការផ្សព្វផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះSam Achhara ។
ដោយបញ្ជាក់ថា , ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅមុននេះបន្តិចក្រុមការងារបានឃេីញម្ចាស់គណនីហ្វេសប៊ុកឈ្មោះSam Achhara បានបង្ហោះខ្លឹមសារនិងរូបភាពស្រី្តជាជនជាតិបរទេសម្នាក់ទទួលរងរបួសដៃនិងមុខនៅក្នុងឧប្បត្តិហេតុមួយដែលបានរៀបរាប់ថាកេីតឡេីងក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអ្នកបេីកបរPassApp មិនទាន់ស្គាល់អត្តសញ្ញាណ។
ទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាជាបន្ទាន់ដល់ថ្នាក់ដឹកនាំផែនជំនាញពាក់ព័ន្ធនិងអធិការនគរបាលក្រុងបាត់ដំបង ធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះបញ្ហានេះ ។
ទន្ទឹមនេះក៏សូមស្នេីដល់ម្ចាស់គណនីខាងលេី ឬជនរងគ្រោះផ្ទាល់ មេត្តាផ្តល់ការទំនាក់ទំនងមកក្រុមការងារឬសមត្ថកិច្ចនគរបាលបានទាន់ពេល ម៉្យាងទៀតសូមមហាជនដែលលោកបានដឹងឮនិងមានភស្តុតាងជាតម្រុយមានប្រយោជន៍ដល់ការស្រាវជ្រាវស៊េីបអង្កេតក្នុងករណីនេះសូមមេត្តាផ្តល់ព័ត៌មានតាមគ្រប់មធ្យោបាយមកសមត្ថកិច្ចនគរបាលដេីម្បីឈានដល់ការស្វែងរកការពិតក្នុងករណីខាងលេីនេះ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុតសូមអរគុណ។
ដោយឡែក អាចជាខាងរដ្ឋបាលខេត្តបាត់ដំបងបានបង្ហោះថា : ករណីPassApp ដឹកភ្ញៀវទេសចរជនជាតិបារាំង បង្ករបួសបាក់ដៃ នឹងរលាត់ស្បែកមុខនៅក្នុងក្រុងបាត់ដំបង .នារីជាជនជាតិបារាំង បានធ្វើដំណើរពីភ្នំពេញ មកកាន់ខេត្តបាត់ដំបង ក្នុងគោលបំណងទេសចរណ៍ តាមរថយន្តក្រុងពេលយប់(Hotel Bus) មកដល់ក្រុងបាត់ដំបងថ្ងៃទី5ខែសីហា ឆ្នាំ2023 វេលាម៉ោង 4ទៀបភ្លឺ ក៏បានហៅPassAppអោយជូនគាត់ទៅសណ្ឋាគារLucky ដើម្បីសម្រាក ប៉ុន្តែមកដល់មុខសណ្ឋាគារឡាក់គី គាត់បានអោយpassAppនោះឈប់ ប៉ុន្តែPassAppនោះមិនព្រមឈប់នោះ រួចក៏បានបើកបន្តទៅមុខដូចក្នុងMapដែលបានបង្ហាញក្នុងរូបភាព ។នារីជនជាតិបរទេសនោះ មើលក្រឡាមិនស្រួល ក៏លោតចុះពីលើPassApp បណ្ដាលអោយបាក់ដៃ រលាត់មុខរងរបួសរាងធ្ងន់ដែរ រួចប្រជាពលរដ្ឋក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Handa Mediacal Centre. ..បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់PassAppនោះដើម្បីមកសាកសួរ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ហើយ ។ប្រសិនបើបងប្អូនមានតម្រុយ ស្គាល់PassAppនោះ ដើម្បីងាយស្រួលដល់ការស្រាវជ្រាវ អាចទាក់ទងទៅលោកស្នងការបាន ដើម្បីជាកិច្ចសហការក្នុងការតាមរកម្ចាស់PassAppនោះ ៕
ដោយ ៖ សិលា