ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីពិនិត្យ DNA បញ្ជាក់ការពិតពី​ដុំថ្ម​ ដែល​ត្រូវ​បានអះអាងថាជាកម្អួតត្រីបាឡែន

ចែករំលែក៖

ខេត្តសីហនុ៖ នៅថ្ងៃទី៨ខែសីហាឆ្នាំ២០២៣នេះ តាមការស្នើសុំនិងជំរុញពីអភិបាលខេត្តព្រះសីហនុ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីពិនិត្យ DNAបញ្ជាក់ ការពិតពី​ដុំថ្ម​ ដែល​ត្រូវ​បានអះអាងថាជាកម្អួតត្រីបាឡែន។ រីឯលទ្ធផលយ៉ាងណានោះ និងជូនដំណឹងនៅពេលក្រោយ។

សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យទំនាក់ ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថាជាកម្អួតត្រីបាឡែននោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងនៅពេលបន្ទាប់។ 

សូមបញ្ជាក់ផងដែរថា បុរសខាងលើនេះឈ្មោះ ឡី ប្រុស អាយុជាង ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ(កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ដោយ៖ សូរិយា


ចែករំលែក៖