ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់មកកាន់សារព័ត៌មាន ជុំវិញ ករណីបុរសម្នាក់បានបើករថយន្ត PRIUS ទៅបុកឃឿនគម្របលូ ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច តែមានលោកអធិការរងនគរបាលខណ្ឌចំការមន ម្នាក់ បានមកឃាត់រថយន្ត ហើយប្រើហិង្សាលើម្ចាស់រថយន្តរហូតដល់សន្លប់។
លោក ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា ចំពោះករណី លោកអធិការរងខណ្ឌចំការមនបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ដែលបើករថយន្តបុករបាំងថ្មគម្របលូផ្ទះប្រជាពលរដ្ឋគឺជា អំពើល្មើសច្បាប់ និងវិន័យកងកម្លាំង ហើយដោយអនុវត្តតាមបទបញ្ជានិងការណែនាំ របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បញ្ជាទៅកម្លាំងនគរបាលខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ ទៅលើមន្ត្រីដែលប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ។ ហើយចំពោះប្រជាពលរដ្ឋ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវណែនាំ ឬ ឃាត់យានយន្ត ដើម្បីផាកពិន័យ ឬ ធ្វើសងថ្លៃការខូចខាត ក្នុងនាមជាមន្ត្រីនគរបាល មិនត្រូវប្រើហិង្សាទៅលើប្រជាពលរដ្ឋឡើយ។
សមត្ថកិច្ចបញ្ចាក់ថា ជនដែលប្រើហិង្សាលើប្រជាពលរដ្ឋ គឺ លោកវរសេនីយ៍ទោល ហ៊ុត គង់ អធិការរងខណ្ឌចំការមន ទទួលផែនការងារ ជំនាញកោសល្យវិច័យ នៃអធិការដ្ឋានខណ្ឌចំការមន។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត ៕
ដោយ ៖ រ៉ារ៉ា