ព័ត៌មានទាន់ហេតុការណ៍៖

ការឆ្លើយឆ្លងសំបុត្ររវាងលោក គីម ជុងអ៊ុន នឹងលោក ពូទីន ដោយបានភ្ជាប់ជាមួយការសន្យាពង្រឹងទំនាក់ទំនង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានឆ្លើយឆ្លងគ្នាតាមសំបុត្រនៅថ្ងៃអង្គារទី១៥ ខែសីហានេះ អមជាមួយការសន្យាថានឹងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ឆ្ពោះទៅរកអ្វីដែលលោក គីម ហៅថា «ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការឆ្លើយឆ្លងសំបុត្រខាងលើធ្វើឡើងនាឱកាសនៃការប្រារព្ធខួបលើកទី៧៨ នៃការរំដោះកូរ៉េចេញពី អាណានិគមជប៉ុន (ឆ្នាំ១៩១០-១៩៤៥) ដែលនៅកូរ៉េខាងត្បូងក៏ត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិមួយផងដែរ។ នៅក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន លោក គីម បាននិយាយថាទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងជើងនឹងរុស្ស៉ីត្រូវបានបង្កើតឡើងនៅក្នុងសង្រ្គាមលោកលើកទី២ ជាមួយជ័យជម្នះលើជប៉ុន។
លោក គីម បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានជំនឿចិត្តយ៉ាងរឹងមាំថា ទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាព…នឹងត្រូវបានអភិវឌ្ឍបន្ថែមឆ្ពោះទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ស្របទៅតាមតម្រូវការនៃយុគសម័យថ្មី។ ប្រទេសទាំង២នឹងទទួលបានជ័យជម្នះជារៀងរហូត ក៏ដូចជាគាំទ្រពេញទំហឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមកនៅក្នុងទិសដៅសម្រេចឱ្យបាននូវគោលដៅ និងបុព្វហេតុរួម»។
ជាការឆ្លើយតបនឹងលោកគីម លោក ពូទីន ក៏បានសន្យាដែរថានឹងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់សុខុមាលភាពនៃប្រជាជនប្រទេសទាំង២ និងស្ថិរភាព ព្រមទាំងសន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េនិងតំបន់អាស៊ីឦសានទាំងមូល៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖