ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ សម្រេច : 

មាត្រា១ – ត្រូវបានកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ ពីផ្ទៃដីទំហំ៨៣៩(ប្រាំបីរយសាមសិប ប្រាំបួន)ហិកតា មកផ្ទៃដីទំហំ៥ ៣២៧(ប្រាំពាន់បីរយម្ភៃប្រាំពីរ)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ដូចមាន ផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS. 1984)ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ៨៣៩ (ប្រាំបីរយសាមសិបប្រាំបួន)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ២០១ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះ ឦសាន ដែលមានផ្ទៃដីទំហំ៤ ៤៨៨(បួនពាន់បួនរយប៉ែតសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យ លេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ។

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាថែរក្សាស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឈដ្ឋានធម្មជាតិ សម្រាប់ធនធានទឹក សត្វព រុក្ខជាតិ ជាមួយនឹងទិដ្ឋភាពនៃការធានាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព 

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋាន 

– ចូលរួមចំណែករក្សាលំនឹងបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តក្រចេះ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ -លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការបង្កើត តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មាន លិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ -អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖