ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី ត្រូវប្រជាពលរដ្ឋប្តឹងទៅតុលាការ ពីបទ” អំពើ ទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនរបស់គាត់ រហូតដល់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ត្រូវប្រជាពលរដ្ឋប្តឹងទៅតុលាការ ពីបទ” អំពើ ទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនរបស់គាត់ ។

នេះបើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ក្នុងពាក្យបណ្ដឹងបានបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបាទឈ្មោះ លាន លាង ភេទប្រុស អាយុ ៥១ ឆ្នាំមុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិរៀងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ទូរស័ព្ទ ០៩៧ ៨៧៥៥១៦០។ 

គោរពចូលមក លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ កម្មវត្ថុ សុំប្ដឹង លោក អ៊ុក ប៊ុនថុន អធិការរងស្រុកមង្គលបូរី ទទួលបន្ទុកផ្នែកគ្រឿងញៀន និងគូកន ពីបទ” អំពើ ទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនខ្ញុំបាទឈ្មោះ លាន ឡាង ភេទប្រុសអាយុ ២៨ ឆ្នាំ កាលពី ថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣ ប្រព្រឹត្តនៅអធិការស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមជំរាបជូន លោកព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តបន្ទាយមានជ័យ មេត្តាជ្រាបថាៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩.៣០នាទី ព្រឹក កូនប្រុសរបស់ខ្ញុំបាទចេញទៅច្រូតស្មៅគោដូចសព្វមួយដង ។ នៅវេលាម៉ោង ២ និង ១០នាទី ប្អូនស្រីខ្ញុំបាទ ឈ្មោះ សៅ ប៊ុនធា បានទូរស័ព្ទទាក់ទងមកប្រាប់ខ្ញុំ ដោយនិយាយថាកូនប្រុសរបស់ខ្ញុំត្រូវបានប៉ូលីសចាប់ខ្លួន ។ នៅពេលទទួលបានដំណឹងនោះហើយ ខ្ញុំបាទបានទៅកន្លែងអធិការស្រុកមង្គលបូរី បានឃើញមនុស្សម្នាក់នៅក្នុង ឡានឮសម្រែក ស្រែកអូយៗ ស្លៀកខោខ្លីពណ៌ក្រហម ។ នៅពេលនោះខ្ញុំបាទសួរប៉ូលីសប្រចាំការ ប៉ូលីសបាន និយាយថា បញ្ចូនទៅលើហើយ ។ ក្រោយពីបានទទួលដំណឹងនោះ ខ្ញុំបានធ្វើដំណើរទៅផ្ទះប្អូនស្រី ទើបប្អូនសី្រ របស់ខ្ញុំបាទ បានទាក់ទងទៅប៉ូលីស ទើបឆ្លើយថាកូនរបស់ខ្ញុំបាទកំពុងនៅមន្ទីរពេទ្យ ។ ខ្ញុំបាទជាមួយប្អូនស្រី និង ប្អូនប្រុស បានធ្វើដំណើរទៅមន្ទីរពេទ្យស្រុកមង្គលបូរី នៅពេលនោះកូនប្រុសរបស់ខ្ញុំបាទ កំពុងនៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់ (កំពុងតែប្រកាច់ដកចង្ការមាន់) រហូតដល់ម៉ោង ៥.១៥នាទីរសៀល កូនខ្ញុំបាទបានបាត់បង់ជីវិត ។ កូនខ្ញុំបាទមានហូរឈាមតាមមាត់ ស្នាមជាំខ្មៅប្រជុំចិញ្ចើម ស្នាមដៅខ្មៅក្រោមដោះទាំងពីរ ស្នាមជាំខ្មៅពីក្រោយ ខ្នង ហើយមានស្នាមជាំលើកប្រអប់ខ្នងដៃស្ដាំពីរកន្លែង ។ តាមពិតទៅកូនរបស់ខ្ញុំបាទមិនធ្លាប់មានជម្ងឺ អាការៈ ណាមួយឡើយកន្លងមក ។ ដោយអាការៈទាំងនេះ ជាអំពើទារុណកម្មសួរយកចម្លើយ នៅអធិការប៉ូលីសស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ មកលើកូនប្រុសរបស់ខ្ញុំបាទ ។ ដោយសារតែអំពើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ មកលើកូនខ្ញុំ ខ្ញុំបាទសូមសំណូមពរ ទាមទារដូចខាងក្រោម ៖

១. ទាមទារសំណងជម្ងឺចិត្តចំនួន ១០០.០០០$ (ដប់ម៉ឺនដុល្លារ) ។

២. ផ្តន្ទាទោសជនប្រព្រឹត្ត ទៅតាមនីតិវិធីច្បាប់ ។ និងសូមផ្តល់ភាពយុត្តិធម៌ដល់គ្រួសារគាត់។ 

សូមបញ្ជាក់ថា : ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីសាមីខ្លួនដែលត្រូវបានប្រជាពលរដ្ឋប្ដឹង ដោយគ្មានលេខទូរស័ព្ទ ។ ដូច្នេះរង់ចាំការបំភ្លឺ ឬសេចក្តីប្រកាសព័ត៌មានណាមួយពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕ 

ដោយ ៖ សហការី


ចែករំលែក៖