ព័ត៌មានទាន់ហេតុការណ៍៖

គឃ្លើននិងសាហាវណាស់! ខណៈមានខ្មាន់កាំភ្លើងមួយក្រុមសម្រុកចូលទៅរំដោះអ្នកទោសជនជាតិចិនម្នាក់នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ (មានវីដេអូ)

ចែករំលែក៖

    ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏មានខ្មាន់កាំភ្លើងមួយក្រុមមានគ្នាដល់ទៅ៥នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុងផងបានធ្វើសកម្មភាព សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ពួកគេហាក់រៀបចំគម្រោងជាមុន ដោយសារមានការបិទមុខ ការពារចំពោះសកម្មភាពរបស់ពួកគេកុំឱ្យសមត្ថកិច្ចនិងអ្នកនៅទីនោះស្គាល់មុខ។ 

    ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ត្រង់ចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

    សេចក្ដីរាយការណ៍ជំហានដំបូងបានឱ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត រួចហើយនាំមន្ត្រីពន្ធនាគារចូលទៅក្នុងបន្ទប់គ្លីនិក ។

ក្រោយរំដោះបក្សពួកបានហើយ ក្រុមខ្មាន់កាំភ្លើងបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅប្លុងចោល។ នៅក្នុងរថយន្តនោះសមត្ថកិច្ចជំនាញប្រទះឃើញកាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។

   ពាក់ព័ន្ធករណីនេះ លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់បណ្ដាញព័ត៌មាននៅមុននេះដោយឱ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ។ 

    តាមរយៈវីដេអូថតតាមកាមេរ៉ា សុវត្ថិភាពប្រមាណជា២នាទី ក្រុមឧក្រិដ្ឋជនហាក់មិនបានផ្ទុះអាវុធនោះទេ។ 

ពេលនេះសមត្ថកិច្ចកំពុងតែតាមប្រមាញ់ រកក្រុមឧក្រិដ្ឋជននិងពិរុទ្ធជនដែលពួកគេបានរំដោះ ។ គេមានជំនឿថា សមត្ថកិច្ចអាចមានតម្រុយ បន្ទាប់ពីមានឡាន បន្សល់ទុកនិងសម្ភារមួយចំនួនទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖