ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមសហការ ដោយកម្លាំងនគរបាលខេត្តព្រៃវែង ស្លៀកពាក់ស៊ីវិលប្រភេទនេះ នឹងចុះល្បាតចំហពេលយប់ គ្រប់ទីកន្លែង នៃខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឱ្យបានជ្រាបថា កម្លាំងនគរបាលស្លៀកពាក់ស៊ីវិលប្រភេទនេះ នឹងមានកាន់តែច្រើនទៅៗ ដោយចុះល្បាតចំហពេលយប់តាមបណ្ដាភូមិសាស្ត្រនានា គ្រប់ទីកន្លែង នៃខេត្តព្រៃវែង ដូចនេះសូមប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល និងសូមចូលរួមសហការ ។

សូមជម្រាបថា កម្លាំងនគរបាលទាំងនេះ គឺជាកម្លាំងនគរបាលប្រកបដោយក្រមសីលធម៌ មិនប្រព្រឹត្តអំពើទុច្ចរិត មិនបំពានប្រជាជនស្លូតត្រង់ឡើយ ដោយការចុះប្រតិបត្តិការនេះ គឺក្នុងទិសដៅ “គ្មានក្មេងទំនើង គ្មានអំពើលួច គ្មានគ្រឿងញៀន” ហើយសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឱ្យការងារនេះ ទទួលបានជោគជ័យកាន់តែឆាប់រហ័ស ។

ទទ្ទឹមនោះដែរ កម្លាំងមានឯកសណ្ឋានក៏ល្បាតចំហលាយឡំគ្នាច្រើនគ្រប់ច្រកល្ហកផងដែរ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង យកចិត្តទុកដាក់បំផុត ក្នុងការគ្រប់គ្រងកងកម្លាំង ឱ្យមានភាពទទួលខុសត្រូវ តាមតួនាទីភារកិច្ច បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ តាមមូលដ្ឋាន បង្ក្រាបរាល់បទល្មើស លុបបំបាត់ការប្រើប្រាស់ ជួញដូរគ្រឿងញៀន អំពើលួចឆក់ប្លន់ ហិង្សានេះជាដើម។ 

ប្រជាពលរដ្ឋខេត្តព្រៃវែង មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត បានគាំទ្រ ចំពោះការដឹកនាំរបស់លោកស្នងការ មានភាពទទួលខុសត្រូវខ្ពស់។ ពិសេស លើកទឹកចិត្តដល់ មន្ត្រីនគរបាលតាមបណ្ដាមូលដ្ឋាន បំពេញតួនាទីរបស់ខ្លួន ឲ្យបានម៉ត់ចត់ សហការជាមួយប្រជាពលរដ្ឋ ដើម្បីបង្ក្រាបរាល់បទល្មើសដែលកើតមាន ៕

ដោយ ៖ សហការី


ចែករំលែក៖