ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង

ចែករំលែក៖

ភ្នំពេញ ៖  រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង សម្រេច :

មាត្រា១ – ត្រូវបានកែប្រែតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ពីផ្ទៃដីទំហំ២៧ ៧០០(ពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយ) ហិកតា មកផ្ទៃដីទំហំ៣៨ ៦២៨(បីម៉ឺនប្រាំបីពាន់ប្រាំមួយរយម្ភៃប្រាំបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 )ភ្ជាប់ក្នុងឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ២៧ ៧០០ (ពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយ)ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការ បង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១០ ៩២៨ (មួយម៉ឺនប្រាំបួនរយម្ភៃប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ។

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាធានាឱ្យមានការថែទាំទីជម្រក និងស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់យូរអង្វែង

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ

– លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព

– បង្កើតតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ ជំនាន់

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកោះកុង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ – លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ – អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ – រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកោះកុង ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖