ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បុរសម្នាក់ដែលផ្តេីមបង្ហោះរូបភាពវីដេអូរឿងត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈគ្រប់យ៉ាងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតនេះហេីយ នៅឡេីយតែអ្នកកំពុងបន្តចែកចាយព័ត៌មានមិនពិតផ្សេងទៀត ដែលសមត្ថកិច្ចត្រូវបន្តស្វែងរក ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។
សូមជម្រាបថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ មានអ្នកប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ ថាមានសត្វត្រីស៊ីសាច់មនុស្សចូលមកដល់ស្ទឹងក្រញូង នៃស្រុកសំឡូត។
ឃេីញរូបភាពនិងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វេីការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដេីម្បីបញ្ជាក់ពីបញ្ហានេះ។
នៅពេលនេះលោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្ត បាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន ចំរើន អាយុ ៦៣ ទីនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ ជាមួយនេះតាមការពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួសបានបង្ហាញថារបួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រេីន តែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ ។
ដូច្នេះការផ្សព្វផ្សាយដែលថា បុរសខាងលេីមានរបួសជេីងដោយសារ(ត្រីស៊ីសាច់មនុស្សខាំ)នោះគឺជារឿងពុំពិតឡេីយ ដែលសូមម្ចាស់គណនីធ្វេីការកែតម្រូវឡេីងវិញ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។
សូមជម្រាបជូនថា នៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សាក្នុងពេលដែលត្រីក្រពត ពងកូន នោះ តែងកេីត មានករណីត្រីក្រពតខាំ ចំពោះអ្នកចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែលមានសត្វនេះរស់នៅ ជាក់ស្តែងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២០ កន្លងទៅក៏ធ្លាប់កេីតមានករណីនេះដែរនៅភូមិសាស្រ្តស្រុកសំឡូតមាន របួសដៃនិងជេីងផងដែរ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕
ដោយ៖សហការី