ខេត្តពោធិ៍សាត់ ៖ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញករណីមនុស្សស្លាប់ ខណៈទទួលព័ត៌មានថាស្លាប់ដោយសារកំពុងតខ្សែភ្លើងឆក់ត្រី ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះថា ហេតុការណ៍ខាងលើបានកើតឡើង ស្ថិតនៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហង្ស សោភ័ណ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់ទៀតថា មន្ត្រីស្ថាប័នជំនាញមានសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្កិសនីពិតប្រាកដមែន ខណៈគេពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់នោះ ម្យ៉ាងទៀតជនរងគ្រោះបាននឹងកំពុងរៀបចំតខ្សែភ្លើងដើម្បីឆក់ត្រី សពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
គួររំលឹកផងដែរថា ដឹងលឺស្ទើរគ្រប់ៗគ្នាទៅហើយ ហើយក៏កើតមានជាហូរហែផងដែរក្នុងការគ្រោះថ្នាក់ រហូតដល់បាត់បង់ជិវិតផងនោះនាពេលកន្លងទៅ បញ្ហាការកែច្នៃឧបករណ៍ឬតខ្សែភ្លើងឆក់ត្រីបែបនេះនោះ ដូច្នេះបើអាចឈប់បានឈប់ទៅ ៕
ដោយ៖ ប៉ឹម ពិន