ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ស្នូលនៃយុទ្ធសាស្រ្ត ផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ។
លោកកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖
ទី១- ការពង្រឹង និងការកែទម្រង់ស្ថាប័ន ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន
ទី២- ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ
ទី៣- ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្ត ចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព
ទី៤- ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើ ការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌
ទី៥- ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើ ការពង្រឹងជំនឿទុកចិត្តរបស់តួអង្គពាក់ព័ន្ធ មកលើវិស័យឯកជន និងធុរកិច្ច តាមរយៈការជំរុញឱ្យមានអភិបាលកិច្ចល្អ ក្នុងវិស័យឯកជននិងធុរកិច្ច។
លោកបណ្ឌិតមានប្រសាសន៍ថា : ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយ ជោគជ័យ នូវយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល, ដោយ សម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និង សេដ្ឋកិច្ច, ដែល នាំឱ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។
ជាក់ស្ដែង, កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថាជា វាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា, បានក្លាយទៅជា រដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព, មាននីតិរដ្ឋ និងស្ថិរភាពនយោបាយស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស, និងមាន ព្រះមហាក្សត្រ ជាទីគោរព សក្ការៈ គង់ប្រថាប់ជាម្លប់ ។ កម្ពុជាដែលពីមុនធ្លាប់តែត្រូវបានហ៊ុមព័ទ្ធ និង ឯកោ ទាំង នយោបាយ និង សេដ្ឋកិច្ច, ឥឡូវមានសមាហរណកម្មពេញលេញនៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មតំបន់ និងសកល, និងបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៃសកលលោក ។ ប្រជាជនកម្ពុជារាប់លាននាក់ បានចាកផុតពីភាពក្រីក្រ និងកំពុងរស់នៅ ជាមួយនឹងជីវភាពសមរម្យ, មានចំណេះដឹង មានសុខុមាលភាពកាន់តែប្រសើរ ហើយ អាយុកាលសង្ឃឹមរស់ជាមធ្យម បានកើនឡើងគួរឱ្យកត់សម្គាល់ ៕
ដោយ ៖ សិលា