ខេត្តមណ្ឌលគិរី៖ កម្លាំងប្រដាប់អាវុធ សហការបានដេញចាប់ប្រផាត់ប្រភីងទាំងយប់ ដល់បន្សល់ទុក វត្ថុងតាងជាឈើ ប្រភេទលេខ១ ជិត១០ម៉ែត្រត្រីគុណដែលគេដឹងថាស្រ្តីឈ្មួញឈើឈ្មោះ នី ក្រចេះ ហើយបានរត់គេចចេញពីកន្លែងស្តុកឈើដោយសុវត្ថិភាព។
ប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រលឹមស្រាងៗព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣នេះហើយកម្លាំងដែលសហការរួមមានមន្ត្រីបរិស្ថាន កងរាជរអាវុធហត្ថស្រុកនិងស្នាក់ការ៧៦១ រួមទាំងយោធា បានប្រដេញចាប់ម្ចាស់ឈើ និងបានរឹបអូសឈើលេខ១ប្រភេទកូនក្រឡឹងសុក្រំចំនួន១៤០ដុំ ដែលស្មើនិងជិត៧ម៉ែត្រត្រីគុណ អុសចម្រុះ៧០ដុំ ស្មើនិង១ម៉ែត្រត្រីគុណ ដែលសរុបបទល្មើសនេះមានចំនួនជិត៨ម៉ែត្រត្រីគុណ ព្រមទាំងរថយន្តសាំយ៉ុងកែច្នៃអត់ស្លាកលេខមួយគ្រឿងផងដែរ។
លោកសាក់ សាគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ ថាក្នុងប្រតិបត្តិការមន្ត្រីនិងកងកម្លាំងបានព្យាយាមដេញចាប់ម្ចាស់ឈើដែរ ប៉ុន្តែដោយសារភូមិសាស្ត្រនិងយប់ងងឹតទើបម្ចាស់ឈើនោះបានរត់គេចបាត់ស្រមោលតែម្តងដោយបន្សល់ទុកនូវវត្ថុតាង ដូចរៀបរាប់ខាងលើ។
លោកបន្តថាប្រតិបត្តិការនេះ បានពន្លាតដីនិងរឹបអូសវត្ថុតាងល្មើសនៅចំណុចភូមិសាស្ត្រអូរគគីរ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ព្រោះបទល្មើសនេះ បានប្រមូលពីទឹកដីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
វត្ថុតាងត្រូវយកទៅរក្សាទុកនៅស្នាក់ការរហួតស្រែឈូកដើម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ៕
ដោយ ៖ ជីវ័ន្ត