ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបដំបូង នៅក្នុងបន្ទប់ការិយាល័យធ្វើការថ្មី

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូប១សន្លឹកហើយ មានប្រសាសន៍ថា : ថ្ងៃទីមួយ នៅក្នុងបន្ទប់ការិយាល័យធ្វើការថ្មី ។ (First day at the new office.) ។ 

សូមបញ្ជាក់ថា , នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាលើកទី១ ។ 

លោក កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាការពិត ការគាំទ្រជឿទុកចិត្តដ៏ធំធេង មានន័យមិនត្រឹមតែជាការលើកទឹកចិត្តដល់មហិមាចំពោះរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាការទទួលខុសត្រូវធំបំផុតរបស់យើងទាំងអស់គ្នា នៅក្នុងការបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តម ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការធានាបន្តរក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ព្រមទាំងការបន្តជំរុញកែលម្អជីវិតជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍឈានឡើងឥតឈប់ឈររបស់ប្រទេសជាតិ។

លើសពីនេះ លោក កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា “អាស្រ័យហេតុនេះ យើងទាំងអស់គ្នាជាសហសេវិកក្នុងរាជរដ្ឋាភិបាល ត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ឱ្យអស់ពីសមត្ថភាពនៅក្នុងស្មារតីសាមគ្គីស្អិតរមួត និងសហប្រតិបត្តិការល្អ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមនេះ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិកិច្ច ដែលប្រជាពលរដ្ឋយើងដ៏ច្រើនកុះករ នៅទូទាំងប្រទេសបានប្រគល់ជូន”។

សូមជម្រាបជូនថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាពេលព្រឹកនេះ បានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ រួមមាន ៖ ទី១-ការប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ទី២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”, ទី៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, ទី៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី, ទី៥-បញ្ហាផ្សេងៗ ។ 

-ប្រវត្តិនៃការសិក្សារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តមកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហមគ្រប់គ្រង។ ឯកឧត្តមបានរៀបការជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានកូនស្រី២នាក់ និងកូនប្រុសម្នាក់។

នៅឆ្នាំ១៩៨០-១៩៩០៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ

– នៅឆ្នាំ១៩៩០-១៩៩៣ ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា

– នៅឆ្នាំ១៩៩៥-១៩៩៩៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩

– ឧសភា-១៩៩៩។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។

នៅឆ្នាំ១៩៩៥ ពេលឯកឧត្តមបណ្ឌិតចេញទៅរៀននៅសហរដ្ឋអាមេរិកឯកឧត្តមបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរភូមិន្ទ។

– នៅឆ្នាំ២០០២៖ ឯកឧត្តមបណ្ឌិតទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក

– នៅឆ្នាំ២០០៨៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស៕

ដោយ ៖ សហការី


ចែករំលែក៖