ព័ត៌មានទាន់ហេតុការណ៍៖

BRICS អញ្ជើញប្រទេសចំនួន០៦ បន្ថែមទៀតឱ្យចូលរួមក្នុងប្លុកនេះ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ថ្មី

ចែករំលែក៖

ប្រទេសចំនួនប្រាំមួយ រួមមាន អាហ្សង់ទីន អេហ្ស៊ីប អុីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម (UAE) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុម BRICS ។
នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលបានផ្សាយថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមាគមប្រទេស BRICS បានសម្រេចអញ្ជើញប្រទេសចំនួន ៦ ដូចជា អាហ្សង់ទីន អេហ្ស៉ីប អ៉ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាត់អារ៉ាប់រួមឱ្យចូលរួមជាសមាជិកថ្មីនៃប្លុកនេះ។
ការជជែកដេញដោលលើការពង្រីកសមាជិកភាពរបស់ប្លុក BRICS បានឈានដល់ការអនុម័តនូរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ ក្នុងទីក្រុងចូហាន់ណេសបឺគ ដែលបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។ សមាជិកទាំងអស់របស់ BRICS បានបង្ហាញជាសាធារណៈនូវការគាំទ្រចំពោះការរីកលូតលាស់នៃប្លុក ប៉ុន្តែមានការខ្វែងគំនិតគ្នាខ្លះក្នុងចំណោមមេដឹកនាំរបស់ពួកគេ ជុំវិញចំនួន និងពេលវេលានៃការដាក់បញ្ចូលសមាជិកភាពថ្មី។
គួរបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ ដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន។ បច្ចុបន្នមានសមាជិកចំនួន ៥ប្រទេស គឺប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖